ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានស្នើសមាជិកសភាកាលពីថ្ងៃសុក្រ ទី ៣ ខែមេសា ឱ្យអនុម័តថវិកាការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ១,៥ សែនកោដ៍ដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០២៧ ខណៈសហរដ្ឋអាមេរិកប្រឈមនឹងការកើនឡើងការចំណាយពីសង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់ និងការបង្កើនការប្តេជ្ញាចិត្តសន្តិសុខសកល។
សំណើនេះ នឹងបង្កើនការចំណាយរបស់មន្ទីរបញ្ចកោណជាង៤០ភាគរយក្នុងមួយឆ្នាំ ជាការកើនឡើងយ៉ាងខ្លាំងចាប់តាំងពីសង្គ្រាមលោកលើកទី២ ខណៈទីក្រុងវ៉ាស៊ីនតោនស្វែងរកការរក្សាប្រតិបត្តិការយោធា និងកសាងឡើងវិញនូវឃ្លាំងអាវុធដែលថយចុះ។

សំណើនេះ បង្ហាញពីសម្ពាធហិរញ្ញវត្ថុកើនឡើងដោយជម្លោះដែលបច្ចុប្បន្នស្ថិតនៅក្នុងសប្តាហ៍ទី៥ ហើយបង្កើតការតតាំងផ្នែកនយោបាយនៅក្នុងសភាអំពីមធ្យោបាយផ្តល់មូលនិធិដល់ការបន្ថែមការចំណាយផ្នែកយោធា។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយដកស្រង់ប្រភពពីសន្និសីទសភាបិទទ្វារ បានរាយការណ៍ថា សង្គ្រាមនៅអ៊ីរ៉ង់អាចចំណាយអស់រហូតដល់២ពាន់លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ដែលបញ្ជាក់ពីទំហំនៃបន្ទុក។
ដើម្បីទូទាត់ផ្នែកនៃការកើនឡើងនេះ លោក Trump កំពុងស្នើឱ្យមានការកាត់បន្ថយការចំណាយមិនមែនវិស័យការពារជាតិប្រហែល៧៣ពាន់លានដុល្លារអាមេរិក ប្រមាណ១០ភាគរយ ដោយ«កាត់បន្ថយ ឬលុបចោលកម្មវិធីណាដែលខ្ជះខ្ជាយ និងដោយប្រគល់ការទទួលខុសត្រូវរបស់រដ្ឋ និងតំបន់ ទៅឱ្យរដ្ឋាភិបាលរៀងៗខ្លួន»។
