យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសបានឲ្យដឹងថា មនុស្ស ៨ នាក់បានស្លាប់ និងកុមារម្នាក់រងរបួស កាលពីថ្ងៃសុក្រ ទី ៣ ខែមេសា នៅពេលដែលលំនៅឋានមួយខ្នងបានបាក់រលំនៅទីក្រុងកាប៊ុល បន្ទាប់ពីមានរញ្ជួយដីនៅប្រទេសអាហ្វហ្គានីស្ថាន។
មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ បាននិយាយថា រញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ បានវាយប្រហារតំបន់ Hindu Kush របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ។ រញ្ជួយដីនេះ មានជម្រៅ ១៧៧ គីឡូម៉ែត្រ។
យោងតាមសាក្សីរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ការរញ្ជួយដីខ្លាំង ត្រូវបានគេដឹងថាស្ថិតនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន ទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន និងរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា។
ប្រទេសអាហ្វហ្គានីស្ថាន ដែលព័ទ្ធជុំវិញដោយភ្នំ ងាយនឹងរងគ្រោះធម្មជាតិដោយការរញ្ជួយដីរបស់ប្រទេសនេះ គឺជាគ្រោះមហន្តរាយខ្លាំងក្លាបំផុត ដោយសម្លាប់មនុស្សជាមធ្យមប្រហែល ៥៦០ នាក់ជារៀងរាល់ឆ្នាំ។
ការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦,៣ រ៉ិចទ័រនៅក្នុងប្រទេសនេះកាលពីខែវិច្ឆិកា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៧ នាក់ស្លាប់ និងបំផ្លាញលំនៅឋានរាប់រយខ្នង។

