យោធារបស់អ៊ីស្រាអែល បាននិយាយនៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសានេះថា ខ្លួនបានចាប់ផ្តើមវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធលីបង់ហេសបូឡា នៅទីក្រុងបេរូត។ វីដេអូរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញពីការផ្ទុះ បន្ទាប់មកផ្សែងហុយចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់។
អ៊ីស្រាអែល បានឈ្លានពានភាគខាងត្បូងប្រទេសលីបង់ និងបានសន្យាថានឹងបំផ្លាញភូមិនៅលីបង់ទាំងអស់នៅតំបន់ព្រំដែនក្នុងការប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលបានក្លាយជាការរីករាលដាលហិង្សាបំផុតនៃសង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល លើអ៊ីរ៉ង់។
អ៊ីស្រាអែល ក៏បានវាយប្រហារទីក្រុងបេរូត ជាញឹកញាប់ ជាពិសេសតំបន់ជាយក្រុងភាគខាងត្បូងដែលគ្រប់គ្រងដោយក្រុមហេសបូឡា។ កាលពីថ្ងៃសុក្រ ទី៣ ខែមេសា យោធាអ៊ីស្រាអែល បានព្រមានប្រជាជនឱ្យចាកចេញពីសង្កាត់ចំនួនប្រាំពីរកន្លែងនៅតំបន់ជាយក្រុងភាគខាងត្បូង ដោយព្រមានថា ការវាយប្រហារនឹងមកដល់។
សប្តាហ៍នេះ អ៊ីរ៉ង់បានព្រមានថាខ្លួននឹងសងសឹកប្រឆាំងសាកលវិទ្យាល័យនានារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ បន្ទាប់ពីសាកលវិទ្យាល័យរបស់ខ្លួនត្រូវបានវាយប្រហារ។ ដោយមានការប្រុងប្រយ័ត្នជាមុនផ្នែកសន្តិសុខ សាកលវិទ្យាល័យអាមេរិកនៅទីក្រុងបេរូត បានផ្លាស់ប្តូរថ្នាក់រៀនតាមអនឡាញ។
កាលពីថ្ងៃសុក្រ ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបេរូត បានព្រមានថា «អ៊ីរ៉ង់ និងកងជីវពលភេរវកម្ម អាចមានបំណងកំណត់គោលដៅលើសាកលវិទ្យាល័យនានានៅក្នុងប្រទេសលីបង់»។ ស្ថានទូតបានបញ្ជាក់ម្តងទៀតពីការព្រមានដល់ពលរដ្ឋអាមេរិកឱ្យចាកចេញពីប្រទេសនេះ។

