អង្គការសុខភាពពិភពលោកបានព្រមានកាលពីថ្ងៃសុក្រ ទី៣ ខែមេសា អំពី «ការវាយប្រហារច្រើនលើកច្រើនសារលើមណ្ឌលសុខភាព» នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារតាមអាកាសលើមណ្ឌលសុខភាពមួយកន្លែងក្នុងទីក្រុងតេអេរ៉ង់ ហើយបានចាប់ផ្តើមអំពាវនាវបន្ទាន់ដើម្បីផ្តល់ជំនួយដល់ប្រព័ន្ធសុខាភិបាលដែលរងផលប៉ះពាល់នៅក្នុងតំបន់។

លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោក បានសរសេរនៅលើបណ្តាញ X ថា «ការវាយប្រហារច្រើនលើកច្រើនសារលើមណ្ឌលសុខភាពត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្នុងពេលមានជម្លោះកាន់តែកើនឡើងនៅតំបន់មជ្ឈិមបូព៌ា»។
លោកបាននិយាយថា វិទ្យាស្ថានប៉ាស្ទ័រ ជាមជ្ឈមណ្ឌលសុខភាពសាធារណៈនិងស្រាវជ្រាវ នៅក្នុងរដ្ឋធានី «បានរងការបំផ្លាញធ្ងន់ធ្ងរ ហើយមិនអាចបន្តផ្តល់សេវាសុខភាពបានទៀតឡើយ» ជាមណ្ឌលសុខភាពមួយក្នុងចំណោមមណ្ឌលសុខភាពចំនួន២០កន្លែង ដែលអង្គការសុខភាពពិភពលោក បានបញ្ជាក់ថាត្រូវបានកំណត់គោលដៅ។
ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់បានរាយការណ៍ថា «សេវារបស់វិទ្យាស្ថានប៉ាស្ទ័រអ៊ីរ៉ង់មិនត្រូវបានរំខានដោយការវាយប្រហារទាំងនេះទេ» ហើយការផលិតវ៉ាក់សាំង និងសេរ៉ូមនឹងបន្ត។ វិទ្យាស្ថាននេះបានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា «គ្មានបុគ្គលិកណាម្នាក់នៃវិទ្យាស្ថានប៉ាស្ទ័រនៅប្រទេសអ៊ីរ៉ង់រងរបួសនៅក្នុងការវាយប្រហារកាលពីពេលថ្មីៗនេះដោយសហរដ្ឋអាមេរិកឡើយ»។

