ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម​ សួស កាណាន នៅគេហដ្ឋាន

2026/04/04 08:55:07 pm        85

(ខេត្តព្រះសីហនុ)នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន ​ប្រធានផ្នែកឃោសនាអប់រំ​នៃយុវជន​គណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរ​សុខ​ទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ា​ណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនដល់ ឯកឧត្តម​ សួស កាណាន​ អតីតតំណាង​រាស្រ្ត​មណ្ឌលខេត្តព្រះសីហនុ បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា​ នៅគេហដ្ឋាន ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនដល់​ឯកឧត្តម សួស កាណាន​ ព្រមទាំងក្រុមគ្រួសារ ដែល​ជានិច្ចកាលសម្ដេច និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់​ដឹកនាំ​គ្រប់លំដាប់ថ្នាក់ គ្រប់ទីកន្លែងគ្រប់ពេលវេលា។ ​

ឯកឧត្តម សួស កាណាន​ បានមានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ សូមសម្ដែងកតញ្ញុតាធម៌ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានចាត់ប្រតិភូជាតំណាងដ៏ខ្ពង់ខ្ពស់ ចុះមកសួរសុខទុក្ខខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយសនិងការរំភើបរីករាយក្រៃលែង ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្ត​ប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់​ ពីសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ»។

ឯកឧត្តមក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព​ប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ព្រមទាំងបានគោរពជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ សម្តេចមហាបវរធិបតី ​និងលោកជំទាវបណ្ឌិត ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បី​ដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកត្រើយវឌ្ឍនភាពជានិរន្តរ៍។

ទន្ទឹមនេះ ឯកឧត្តម​ បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមធ្លាប់បានឆ្លងកាត់ បម្រើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ដើម្បីជាបទពិសោធចែកជូនដល់យុវជន។

ឯកឧត្តម បានសិក្សានៅមហាវិទ្យាល័យគរុកោសល្យខាងជើងនៅទីក្រុងភ្នំពេញ នាឆ្នាំ១៩៦៥-១៩៦៦ និងបានធ្វើជាគ្រូបង្រៀននៅឆ្នាំ១៩៦៦-១៩៦៧ នៅឃុំត្រពាំងរូង ខេត្តកោះកុង ហើយផ្លាស់ទៅខេត្តស្វាយរៀង នៅឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧២ បានផ្លាស់ចូលភ្នំពេញបង្រៀននៅសាលាទួលស្វាយព្រៃវិញ រហូតដល់ថ្ងៃ ១៧ មេសា ១៩៧៥។

នៅខែធ្នូ ឆ្នាំ១៩៧៧ ឯកឧត្តមបានលាប្រពន្ធនិងកូនខ្ចីទើបឆ្លងទន្លេបានមួយថ្ងៃមួយយប់ប៉ុណ្ណោះ ទៅរស់នៅក្នុងជុំរំប្រមូលផ្ដុំ ស្រុកឡុងយ៉ាវ ប្រទេសវៀតណាម ក្រោមការដឹកនាំអប់រំនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន និងបានចូលបម្រើកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ ដែលប្រកាសឡើងនៅថ្ងៃទី២ ធ្នូ ១៩៧៨។ ឯកឧត្តម បានបំពេញការងារនៅរវសេនាតូចលេខ១២ ដែលមានឯកឧត្តម ប៉េង ប៉ាត់ ជាប្រធានវរៈ និងបានចូលរួមចំណែករំដោះប្រទេសនៅថ្ងៃ ៧ មករា ១៩៧៩។ លុះដល់ខែឧសភា ឆ្នាំ១៩៨១ ឯកឧត្តមត្រូវមានគណៈអភិបាលកិច្ចការបក្សក្រុងកំពង់សោម ចាត់ឱ្យទៅបំពេញការងារជាប្រធានមន្ទីរបក្ស និងចាត់ឱ្យធ្វើជាប្រធានគណៈចាត់តាំង និងជាប្រធានគណៈហិរញ្ញវត្ថុផង។ ឆ្លងកាត់ការខិតខំប្រឹងប្រែងតស៊ូធ្វើការងារ ​ឯកឧត្តម ត្រូវបានថ្នាក់ដឹកនាំដំឡើងមុខងារឋានៈនាទី ជាបន្តបន្ទាប់ មានជាអាទិ៍ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ ១៩៩៩ ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការបក្សក្រុងកំពង់សោម ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០០៥ ជាប្រធានគណៈកម្មាធិការបក្សក្រុងកំពង់សោមនិងបានជាប់ជាសមាជិករដ្ឋសភា ជាតំណាងរាស្រ្តប្រចាំមណ្ឌលក្រុងកំពង់សោមចំនួន៣អាណត្តិជាប់គ្នាគឺ អាណត្តិទី២:ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៣, អាណត្តិទី៣: ពីឆ្នាំ ២០០៣ ដល់ ២០០៨ និង អាណត្តិទី៤: ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ និងបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា។ ជាងនេះទៅទៀត ឯកឧត្តមក៏បានខិតខំសិក្សារៀនសូត្របន្ថែមទៀតដូចជាបានសិក្សាជំនាញគ្រប់គ្រងនៅសហរដ្ឋអាម៉េរិករយៈពេលខ្លី នាឆ្នាំ១៩៩៧ តាមការចាត់តាំងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនាសម័យនោះ។ នៅឆ្នាំ១៩៨៤-១៩៨៥ បានចូលរៀនវគ្គអប់រំនយោបាយនិងចាត់តាំងនៅសាធារណរដ្ឋសង្គមនិយមវៀតណាមជាបន្តបន្ទាប់ ព្រមទាំងបានចូលរួមចំណែកជួយទ្រទ្រង់ក្នុងវិស័យព្រះពុទ្ធសាសនា រហូតទទួលបានគោរមងារផ្នែកព្រះពុទ្ធសាសនា ជា “សីលាភិរ័ក្ខសិរីមុនី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍” នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ពីសម្ដេចព្រះអគ្គមហា​សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត ឯកឧត្តម​​ បានចែករំលែកបទពិសោធ និងផ្ដល់អនុសាសន៍មួយចំនួន ដល់យុវជនគណបក្ស ដូចខាងក្រោម៖

1. ​យុវជនជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេន សូមខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដកស្រង់យកបទពិសោធ ចំណុចល្អៗពីថ្នាក់ដឹកនាំ និងឥស្សរជនជំនាន់មុនដើម្បីបន្ដដឹកនាំប្រទេសជាតិ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ធ្លាប់បានលើកឡើងថា "ក្មេងមានកម្លាំង ស្គាល់ផ្លូវ ​ឯចាស់មានបទពិសោធ"។

2. យុវជនគប្បីពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈការខិតខំសិក្សារៀនសូត្រ ស្វះស្វែងរកចំណេះដឹង និងចំណេះជំនាញ ឱ្យបានល្អប្រសើររ ដើម្បីដើរឱ្យទាន់សភាពការណ៍ពិភពលោក និងការអភិវឌ្ឍរីកចម្រើននៃសកលលោក ជាពិសេសផ្ដោតការយកចិត្តទុកដាក់លើផ្នែកបចេ្ចកវិទ្យាសម័យទំនើប។

3. ​យុវជនត្រូវស្វែងយល់ឱ្យបានច្បាស់នូវគោលនយោបាយរបស់គណបក្ស បម្រើគណបក្ស ស្មោះត្រង់ជាមួយគណបក្ស និងប្រទេសជាតិ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

4. ​យុវជនត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពសង្គម និងការការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ។

5. ត្រូវមាន​ឆន្ទៈ មនសិការស្នេហាជាតិមាតុភូមិ ជឿជាក់លើការដឹកនាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី។

6. សកម្មភាពចុះសួរសុខទុក្ខដល់ឥស្សរជនដែលមានគុណបំណាច់ចំពោះបក្សនិងរដ្ឋរបស់យុវជនគណបក្សថ្នាក់កណ្ដាល តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនថ្នាក់កណ្ដាល ជាវប្បធម៌ដ៏ល្អមិនអាចកាត់ថ្លៃបាន ដែលបានបន្តមរតកដ៏ថ្លៃថ្លាពី សម្ដេចតេជោ និងសូមឱ្យយុវជនបក្សបន្តមរតកដ៏ថ្លៃថ្លានេះឱ្យបានទូលំទូលាយ។

ឯកឧត្តមប្រធានប្រតិភូ បានសម្ដែងនូវមនោសញ្ចេតនា និងកោតសរសើរចំពោះស្នាដៃនិងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ​ដែលបានចូលរួមចំណែកបម្រើគណបក្សនិងប្រជាជននាពេលកន្លងមក ព្រមទាំងបានប្រគល់នូវវត្ថុអនុស្សារីយ៍ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ​ជូនចំពោះឯកឧត្តម​ សួស កាណាន និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម រា​ក្យ​សា​ទេវី តាមជួយបីបាច់ថែរក្សា ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕ ដោយ ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm