យោងតាមប្រភពមួយចំនួនដែលដឹងបញ្ហានេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា របាយការណ៍ចារកម្មអាមេរិកនាពេលថ្មីៗនេះ បានព្រមានថា អ៊ីរ៉ង់ទំនងជាមិនបើកច្រកសមុទ្រហ័រមូសឡើងវិញក្នុងពេលឆាប់ៗទេ ពីព្រោះការគ្រប់គ្រងរបស់ខ្លួនលើសរសៃឈាមប្រេងដ៏សំខាន់បំផុតរបស់ពិភពលោកមួយនេះ គឺជាអំណាចចរចាដ៏ពិតប្រាកដតែមួយគត់ដែលខ្លួនមាន ទល់នឹងសហរដ្ឋអាមេរិក។
ដំណឹងចារកម្មនេះបានបង្ហាញថា ទីក្រុងតេអេរ៉ង់ អាចនឹងបន្តបិទខ្ទប់ច្រកសមុទ្រមួយនេះ ដើម្បីធ្វើឱ្យតម្លៃថាមពលឱ្យនៅតែខ្ពស់ ដែលជាមធ្យោបាយមួយក្នុងការដាក់សម្ពាធលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យស្វះស្វែងរកច្រកចេញឱ្យឆាប់រហ័សពីសង្គ្រាមដែលអូសបន្លាយជាងមួយខែមកហើយ ហើយក៏ជាសង្គ្រាមដែលមិនទទួលបានការគាំទ្រពីម្ចាស់ឆ្នោតអាមេរិកនោះឡើយ។

របាយការណ៍ទាំងនេះក៏បានផ្តល់នូវសញ្ញាចុងក្រោយបង្អស់ថា សង្គ្រាមដែលមានបំណងលុបបំបាត់កម្លាំងយោធារបស់អ៊ីរ៉ង់ តាមពិតទៅអាចនឹងបង្កើនឥទ្ធិពលរបស់អ៊ីរ៉ង់ក្នុងតំបន់ទៅវិញទេ តាមរយៈការបង្ហាញពីសមត្ថភាពរបស់ទីក្រុងតេអេរ៉ង់ ក្នុងការគំរាមកំហែងដល់ផ្លូវទឹកដ៏សំខាន់មួយនេះ។
លោក ត្រាំ បានព្យាយាមនិយាយសម្រាលភាពធ្ងន់ធ្ងរនៃផលវិបាកក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនពាណិជ្ជកម្មប្រេងចំនួន ១ភាគ៥ របស់ពិភពលោក។ កាលពីថ្ងៃសុក្រកន្លងទៅ លោក ត្រាំ ហាក់ដូចជាផ្តល់សញ្ញាថា លោកអាចបញ្ជាឱ្យកងកម្លាំងអាមេរិកបើកច្រកនេះឡើងវិញ «បានយ៉ាងងាយស្រួល»។ ប៉ុន្តែក្រុមអ្នកវិភាគព្រមានជាយូរមកហើយថា ការព្យាយាមប្រើកម្លាំងបាយប្រឆាំងនឹងអ៊ីរ៉ង់ ដែលគ្រប់គ្រងផ្នែកម្ខាងនៃច្រកសមុទ្រនេះ អាចនឹងត្រូវលះបង់ច្រើន ហើយអាចអូសទាញសហរដ្ឋអាមេរិក ឱ្យចូលទៅក្នុងសង្គ្រាមជើងគោកដ៏រ៉ាំរ៉ៃមួយ៕

