អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ បានព្រមានថា ចំនួនមនុស្សសរុបនៅទូទាំងពិភពលោក ដែលប្រឈមនឹងកម្រិតនៃភាពអត់ឃ្លានធ្ងន់ធ្ងរ អាចនឹងហក់ឡើងដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ២០២៦នេះ ប្រសិនបើស្ថានភាពដែលកាន់តែតានតឹងខ្លាំងនៅមជ្ឈិមបូព៌ា បន្តធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមិនស្ថិតស្ថេរ។

ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល ទល់នឹងអ៊ីរ៉ង់ បានពន្យារពេលការដឹកជញ្ជូនស្បៀងអាហារដែលត្រូវការជាចាំបាច់ សម្រាប់ប្រតិបត្តិការជំនួយនៅទូទាំងពិភពលោក។ ការរំខាននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល បានរារាំងជំនួយស្បៀងអាហាររាប់ម៉ឺនតោន មិនឱ្យទៅដល់បណ្ដាប្រទេសដែលត្រូវការជំនួយបន្ទាន់នោះទេ។
WFP ប៉ាន់ប្រមាណថា បន្ថែមពីលើមនុស្ស ៣១៨លាននាក់ ដែលកំពុងខ្វះខាតស្បៀងអាហារនៅទូទាំងពិភពលោក មានមនុស្សជិត ៤៥លាននាក់ទៀត អាចប្រឈមនឹងកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ឬអាក្រក់ជាងនេះទៅទៀត ប្រសិនបើជម្លោះមិនបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦នេះទេនោះ ហើយនឹងកាន់តែអាក្រក់ប្រសិនបើតម្លៃប្រេងនៅតែលើសពី ១០០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។
ស្ថានភាពដែលកំពុងកើតឡើងនៅក្នុងច្រកសមុទ្រហ័រមូស ត្រូវបានរាយការណ៍ថា កំពុងជំរុញឱ្យតម្លៃថាមពល ឥន្ធនៈ និងជីកសិកម្មកើនឡើង ដែលបង្កក្ដីបារម្ភអំពីភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរឡើងហួសពីតំបន់មជ្ឈិមបូព៌ា។ ប្រទេសនានានៅអនុតំបន់សាហារ៉ាអាហ្វ្រិក និងអាស៊ី ត្រូវបានចាត់ទុកថាងាយរងគ្រោះបំផុត ដោយសារតែការពឹងផ្អែកលើការនាំចូលអាហារ និងប្រេងឥន្ធនៈ៕

