ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (២ មេសា) ថា សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង បច្ចុប្បន្ននេះ កំពុងស្ថិតក្នុងស្ថានភាព «សម័យសង្គ្រាម» ដោយលោកបានជំរុញឱ្យសភាសម្រេចឱ្យឆាប់រហ័សនូវកញ្ចប់ថវិកាបន្ថែមចំនួន ២៦,២ សែនកោដិវ៉ុន (ប្រហែល ១៧,៤ ពាន់លានដុល្លារអាមេរិក) ដើម្បីការពារក្រុមគ្រួសារ និងអាជីវកម្មនានាពីការឡើងថ្លៃប្រេង ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។
ក្នុងសេចក្តីថ្លែងការណ៍មួយនៅរដ្ឋសភាកូរ៉េខាងត្បូង ក្នុងទីក្រុងសេអ៊ូល លោក Lee បានអំពាវនាវដោយផ្ទាល់ទៅកាន់សមាជិកសភាឱ្យអនុម័តកញ្ចប់ថវិកាបន្ថែមនេះ។ ការយកចិត្តទុកដាក់ជាអន្តរជាតិកំពុងផ្តោតលើការរំខានយ៉ាងធ្ងន់ធ្ងរដែលសង្គ្រាមកំពុងបង្កឡើង ដល់ការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនប្រេងតាមសមុទ្រនៃពាណិជ្ជកម្មប្រេងជុំវិញពិភពលោក។

ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បង្ហាញថា កូរ៉េខាងត្បូងនាំចូលប្រេងប្រហែល ៧០% និងឧស្ម័នធម្មជាតិរាវ ២០% ពីមជ្ឈិមបូព៌ា ដែលមានន័យថា ស្ថានភាពបច្ចុប្បន្នកំពុងក្លាយជាកង្វល់កាន់តែខ្លាំងឡើង។
លោក Lee បានលើកឡើងថា៖ «ស្ថានភាពអាសន្នទាមទារឱ្យមានវិធានការពិសេស។ រដ្ឋាភិបាលកូរ៉េខាងត្បូងយល់ដឹងយ៉ាងច្បាស់ថា នេះគឺជាស្ថានភាពសម័យសង្គ្រាមលើជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ច។ កូរ៉េខាងត្បូងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជម្នះវិបត្តិបន្ទាន់នេះ»។
កញ្ចប់ថវិកាដែលស្នើឡើងដោយលោក Lee ផ្តោតលើផ្នែកសំខាន់ៗចំនួនបីរួមមាន ការទប់ទល់នឹងការឡើងថ្លៃប្រេងឥន្ធនៈ ការធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាព និងការគាំទ្រដល់ឧស្សាហកម្មនានា ដែលរងគ្រោះដោយសារការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់៕

