ចំហេះព្រៃយ៉ាងសន្ធោសន្ធៅចំនួនពីរកន្លែង បានផ្ទុះឡើងនៅភាគខាងត្បូងរដ្ឋ California របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (៣ មេសា) ដែលជាការឆាបឆេះដ៏ធំជាលើកដំបូងក្នុងតំបន់នេះនាដើមរដូវផ្ការីក បន្ទាប់ពីបានជួបប្រទះរលកកម្តៅយ៉ាងខ្លាំងក្លា ដោយនាំឱ្យអាជ្ញាធរចេញបទបញ្ជាជម្លៀស។
ចំហេះចាប់ផ្តើមឡើងក្នុងលក្ខខណ្ឌអាកាសធាតុមានខ្យល់បក់ខ្លាំង ដែលធ្វើឱ្យអណ្ដាតភ្លើងរាលដាលយ៉ាងឆាប់រហ័ស។ ទីភ្នាក់ងារអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងអំពីខ្យល់បក់ខ្លាំងសម្រាប់ផ្នែកខ្លះនៃភាគខាងត្បូងរដ្ឋ California ដោយព្រមានពីល្បឿនខ្យល់បក់រហូតដល់ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

លោក Alex Izaguirre អ្នកនាំពាក្យនៃនាយកដ្ឋានពន្លត់អគ្គិភ័យរដ្ឋ California ប្រចាំតំបន់ Riverside បាននិយាយថា ខ្យល់កំពុង «បក់នាំផ្សែងឱ្យរាលដាល» ដែលបង្កឱ្យមានក្តីបារម្ភពីសំណាក់ប្រជាពលរដ្ឋនៅក្នុងទីក្រុងក្បែរខាង ដែលបានឃើញ និងរងផលប៉ះពាល់ពីផ្សែងទាំងនោះ។
ចំហេះព្រៃដែលគេឱ្យឈ្មោះថា Springs Fire នៅក្នុងតំបន់ Riverside បានរីករាលដាលដល់ទំហំប្រហែល ១.៦៧០ហិកតា ដែលជំរុញឱ្យអាជ្ញាធរមូលដ្ឋានចេញបញ្ជាជម្លៀសជាច្រើនលើក។ យោងតាមទីភ្នាក់ងារពន្លត់អគ្គិភ័យបានឱ្យដឹងថា កម្លាំងចំហេះព្រៃនេះបានប្រមូលខ្លាំងនៅតំបន់ភាគខាងជើង និងខាងកើតនៃបឹង Perris ដោយបានឆាបឆេះរាលដាលទៅដល់ផ្នែកខ្លះនៃតំបន់កម្សាន្តដែលនៅជុំវិញនោះរបស់រដ្ឋ California។
ខណៈអណ្ដាតភ្លើងរាលដាលចូលទៅកៀកក្រុង Moreno Valley ដែលមានប្រជាជនរស់នៅប្រហែល ២សែននាក់ ក្រុមពន្លត់អគ្គិភ័យបានដាក់ពង្រាយកម្លាំងដើម្បីការពារសំណង់អគារនានាដែលស្ថិតក្នុងគន្លងផ្លូវនៃអណ្តាតភ្លើង។ មូលហេតុនៃចំហេះព្រៃនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕

