ទិន្នន័យបានបង្ហាញនៅថ្ងៃសៅរ៍ (៤ មេសា) នេះថា សេដ្ឋកិច្ចវៀតណាម បានធ្លាក់ចុះនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦នេះ បើធៀបនឹងរយៈពេលបីខែមុននោះ ខណៈផលប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចូលប្រេងពីមជ្ឈិមបូព៌ា បានជំរុញឱ្យមានកំណើនអតិផរណា ដែលបង្ហាញពីបញ្ហាប្រឈមក្នុងការសម្រេចបានគោលដៅកំណើនប្រចាំឆ្នាំរបស់ខ្លួន។

ការិយាល័យស្ថិតិជាតិវៀតណាម NSO បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា ផលិតផលក្នុងស្រុកសរុប GDP បានកើនឡើង ៧,៨៣% នៅក្នុងត្រីមាសនេះចាប់ពីខែមករា ដល់ខែមីនា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែទាបជាងអត្រា ៨,៤៦% នៅក្នុងត្រីមាសទីបួននៅឆ្នាំ២០២៥។
ការិយាល័យ NSO បានបន្ថែមថា «សម្ពាធពីការឡើងថ្លៃនៃវត្ថុធាតុដើម និងតម្លៃថាមពលលើអតិផរណានៅតែបន្ត ដោយបង្កជាបញ្ហាប្រឈមសម្រាប់អភិបាលកិច្ចសេដ្ឋកិច្ច»។ របាយការណ៍នេះបានឱ្យដឹងថា តម្លៃទំនិញប្រើប្រាស់កើនឡើង ៤,៦៥% ក្នុងខែមីនា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយកំណើន ១០,៨១% នៃថ្លៃដឹកជញ្ជូន ដែលបានកើនឡើងពីអត្រា ៣,៣៥% ក្នុងខែកុម្ភៈកន្លងទៅ។
គោលដៅកំណើនយ៉ាងតិច ១០% នៅឆ្នាំនេះកំពុងស្ថិតក្រោមសម្ពាធ ដោយសារវៀតណាម នាំចូលប្រេងឆៅជាង ៨០% ពីតំបន់មជ្ឈិមបូព៌ា ជាទីដែលសង្គ្រាមអ៊ីរ៉ង់ ដែលឥឡូវនេះឈានដល់សប្តាហ៍ទី៦របស់ខ្លួនទៅហើយ បានរំខានដល់ការដឹកជញ្ជូនទៅកាន់វៀតណាម និងទូទាំងពិភពលោក៕


