អ៊ីរ៉ង់ បានបាញ់ទម្លាក់យន្តហោះយោធាអាមេរិកចំនួនពីរគ្រឿង ដែលនេះគឺជាការវាយប្រហារដ៏កម្របំផុតមួយសម្រាប់សហរដ្ឋអាមេរិក ដែលមិនធ្លាប់កើតឡើងនោះទេអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយការបាញ់ទម្លាក់នេះក៏បានបង្ហាញពីសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការបន្តវាយបកវិញ បើទោះបីជាលោកប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថា សាធារណរដ្ឋអ៊ិស្លាមមួយនេះត្រូវបាន «កម្ទេចទាំងស្រុង» ក៏ដោយ។
ការវាយប្រហារបានកើតឡើងក្នុងសប្តាហ៍ទី៥នៃជម្លោះ បន្ទាប់ពីយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមបាញ់ស្រោចលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ កាលពីដើមសប្តាហ៍នេះ លោក Trump បានអះអាងថា «សមត្ថភាពបាញ់មីស៊ីល និងដ្រូនរបស់ទីក្រុងតេអេរ៉ង់ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង»។
មន្ត្រីអាមេរិកបាននិយាយថា អ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះចម្បាំងប្រភេទ F15-E Strike Eagle របស់អាមេរិកមួយគ្រឿងកាលពីថ្ងៃសុក្រ ទី៣ ខែមេសា ដោយក្នុងនោះសមាជិកកងទ័ពម្នាក់ត្រូវបានជួយសង្គ្រោះ ហើយប្រតិបត្តិការស្វែងរកកងទ័ពអាមេរិកម្នាក់ទៀតកំពុងបន្តធ្វើឡើង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានឱ្យដឹងថា យន្តហោះវាយប្រហារប្រភេទ A-10 របស់អាមេរិកមួយគ្រឿងទៀតបានធ្លាក់ បន្ទាប់ពីរងការបាញ់ប្រហារដោយកងកម្លាំងការពាររបស់អ៊ីរ៉ង់។
លោក Houston Cantwell មន្រ្តីទ័ពអាកាសចូលនិវត្តន៍ និងជាអតីតអ្នកបើកយន្តហោះចម្បាំង F-16 របស់អាមេរិក បាននិយាយថា លើកចុងក្រោយដែលយន្តហោះចម្បាំងអាមេរិកត្រូវបានសត្រូវបាញ់ទម្លាក់ក្នុងការប្រយុទ្ធបែបនេះ គឺជាយន្តហោះប្រភេទ A-10 Thunderbolt II ក្នុងអំឡុងពេលនៃការឈ្លានពានរបស់អាមេរិកលើអ៊ីរ៉ាក់ ក្នុងឆ្នាំ២០០៣៕




