រដ្ឋាភិបាលសេណេហ្គាល់ បានសម្រេចផ្អាករាល់ការធ្វើដំណើរទៅក្រៅប្រទេសដែលមិនចាំបាច់ទាំងអស់របស់រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ ដោយបានព្រមានពីពេលវេលា «ដ៏លំបាកបំផុត» នៅខាងមុខ ខណៈជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ បានរុញច្រានតម្លៃប្រេងពិភពលោកឱ្យហក់ឡើងខ្ពស់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កញ្ចប់ថវិកាជាតិរបស់ប្រទេសនេះ។
សង្គ្រាម និងការបិទច្រកសមុទ្រហ័រមូសដ៏សំខាន់ដោយអ៊ីរ៉ង់ បានធ្វើឱ្យទីផ្សារថាមពលពិភពលោកមានភាពច្របូកច្របល់ ដែលបណ្តាលឱ្យតម្លៃប្រេងឆៅប្រភេទ Brent ហក់ឡើងខ្ពស់ និងជំរុញឱ្យរដ្ឋាភិបាលនានានៅជុំវិញពិភពលោក ចាត់វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងនេះ។
ថ្លែងក្នុងព្រឹត្តិការណ៍យុវជននៅទីក្រុង Mbour កាលពីល្ងាចថ្ងៃសុក្រ (៣ មេសា) នាយករដ្ឋមន្ត្រីសេណេហ្គាល់ លោក Ousmane Sonko បានលើកពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយចង្អុលទៅតម្លៃប្រេងសកល ដែលកំពុងជួញដូរក្នុងតម្លៃខ្ទង់ ១១៥ដុល្លារក្នុងមួយបារ៉ែល ពោលគឺជិតទ្វេដងនៃតម្លៃ ៦២ ដុល្លារក្នុងមួយបារ៉ែល ដែលបានគ្រោងទុកនៅក្នុងកញ្ចប់ថវិការបស់សេណេហ្គាល់។ លោកក៏បានប្រកាសផងដែរថា លោកលុបចោលគម្រោងទស្សនកិច្ចផ្ទាល់ខ្លួនរបស់លោកទៅកាន់ប្រទេសនីហ្សេ អេស្ប៉ាញ និងបារាំង រួចរាល់ហើយ។
រដ្ឋាភិបាលនានានៅទូទាំងតំបន់អាហ្វ្រិកខាងលិច ក៏ដូចជាទូទាំងសកលលោក បានប្រញាប់ប្រញាល់ឆ្លើយតបទៅនឹងវិបត្តិថាមពលនេះ ជាមួយនឹងវិធានការនានា រួមមានការដំឡើងថ្លៃប្រេងឥន្ធនៈ ការផ្តល់ឧបត្ថម្ភធន និងការអនុញ្ញាតឱ្យប្រជាជនបំពេញការងារពីចម្ងាយ ឬកាត់បន្ថយម៉ោងធ្វើការជាដើមដើម្បីសន្សំសំចៃប្រេង៕


