ប្រទេសស្រីលង្កា កំពុងព្យាយាមយ៉ាងលំបាកដើម្បីទប់ស្កាត់កុំឱ្យការដួលរលំសេដ្ឋកិច្ចកាលពី ៤ឆ្នាំមុនកើតមានឡើងវិញ ខណៈសង្គ្រាមដ៏អូសបន្លាយនៅមជ្ឈិមបូព៌ា បានបន្ថែមបន្ទុកលើផលប៉ះពាល់ ដែលបន្សល់ទុកដោយខ្យល់ព្យុះដ៏កំណាចកាលពីខែវិច្ឆិកា ឆ្នាំមុន។
ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayake បានសម្រេចកំណត់កម្រិតនៃការប្រើប្រាស់ប្រេងឥន្ធនៈ ដំឡើងថ្លៃប្រេងចំនួនមួយភាគបី និងបង្កើនតម្លៃអគ្គិសនីរហូតដល់ ៤០% ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមរំខានដល់ការផ្គត់ផ្គង់ថាមពលសកល។

ការសម្រុកទិញប្រេងទាំងភ័យស្លន់ស្លោនៅស្រីលង្កា បានរំឮកដល់វិបត្តិក្នុងឆ្នាំ២០២២ ដែលនៅពេលនោះ សេដ្ឋកិច្ចបានដួលរលំ ហើយអតិផរណាហក់ឡើងដល់ ៧០% បន្ទាប់ពីរដ្ឋាភិបាលទីក្រុងកូឡុំបូ ខកខានមិនបានទូទាត់បំណុលក្រៅប្រទេសចំនួន ៤៦ ពាន់លានដុល្លារអាមេរិក។ បាតុកម្មដែលបានកើតឡើងអមជាមួយវិបត្តិនោះ បានទម្លាក់លោកប្រធានាធិបតី Gotabaya Rajapaksa ដែលរងការទប្រកាន់ថាគ្រប់គ្រងប្រទេសមិនបានល្អ និងអំពើពុករលួយ។
វិបត្តិបច្ចុប្បន្ន បានកើតឡើងបន្ទាប់ពីខ្យល់ព្យុះ Ditwah ដែលជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតចាប់តាំងពីរលកយក្សស៊ូណាមិនៅអាស៊ីក្នុងឆ្នាំ២០០៤ បានសម្លាប់មនុស្សជាង ៦៤០នាក់ និងបានប៉ះពាល់ដល់ស្ទើរតែទូទាំងប្រទេសស្រីលង្កា កាលពីចុងឆ្នាំមុន។ យោងតាមធនាគារពិភពលោក ខ្យល់ព្យុះនេះបានបង្កឱ្យមានទឹកជំនន់ និងគ្រោះបំណាក់ដី ដែលបង្កការខូចខាតប៉ាន់ស្មានជាទឹកប្រាក់ប្រហែល ៤,១ពាន់លានដុល្លារអាមេរិក៕


