ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃសុក្រ (៣ មេសា) បានអំពាវនាវឱ្យចាប់ផ្តើមការងាររបស់គណៈកម្មាធិការរដ្ឋបាលអន្តរកាលប៉ាឡេស្ទីន ដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សាស្រ្ទីប និងអនុវត្តបទប្បញ្ញត្តិក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រដាប់អាវុធមួយនេះបានកើតឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៃប្រតិភូរបស់ខ្លួន ដែលដឹកនាំដោយប្រមុខតំបន់ហ្កាហ្សា លោក Khalil al-Hayya ទៅកាន់ទីក្រុងគែរ របស់អេហ្ស៊ីប ដែលនៅទីនោះ មន្រ្តីជាន់ខ្ពស់របស់ក្រុមហាម៉ាសរូបនេះ បានជួបប្រជុំជាមួយក្រុមមន្ត្រីអេហ្ស៊ីប ក្រុមអ្នកសម្របសម្រួល និងបក្សសម្ព័ន្ធប៉ាឡេស្ទីននានា។
ក្នុងអំឡុងទស្សនកិច្ចនេះ ក្រុមហាម៉ាស រួមជាមួយបក្សសម្ព័ន្ធប៉ាឡេស្ទីនផ្សេងទៀត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តគ្រប់ដំណាក់កាលនៃកិច្ចព្រមព្រៀង ដោយកត់សម្គាល់ថា ការពិគ្រោះយោបល់ជាមួយអ្នកសម្របសម្រួលកំពុងបន្តធ្វើឡើង។ ក្រុមហាម៉ាសបានបន្ថែមថា គណៈប្រតិភូរបស់ខ្លួនទទួលបានការអញ្ជើញឱ្យបន្តកិច្ចពិភាក្សានៅទីក្រុងគែរ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
កិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានចូលជាធរមាននៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៥ មក។ ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនេះ រួមមានការដោះដូរអ្នកទោស និងចំណាប់ខ្មាំង ការអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ និងការដកកងកម្លាំងអ៊ីស្រាអែល ចេញពីតំបន់មួយចំនួននៃដែនដីហ្កាហ្សា៕


