យោងតាមរបាយការណ៍ពីសារព័ត៌មាន NBC News បានឱ្យដឹងថា លោកប្រធានាធិបតីអាមេរិក Donald Trump បានលើកឡើងថា ការបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក នៅក្នុងប្រតិបត្តិការនៅមជ្ឈិមបូព៌ា នឹងមិនប៉ះពាល់ដល់កិច្ចចរចាដែលកំពុងដំណើរការជាមួយអ៊ីរ៉ង់នោះទេ។
នៅក្នុងបទសម្ភាសន៍ខ្លីមួយតាមទូរសព្ទជាមួយប្រព័ន្ធផ្សព្វផ្សាយ NBC លោក Trump បានបដិសេធមិនពិភាក្សាលម្អិតអំពីប្រតិបត្តិការស្វែងរកអ្នកបើកយន្តហោះដែលរងការបាញ់ទម្លាក់ និងការជួយសង្គ្រោះដែលកំពុងបន្តបន្ទាប់ពីឧប្បត្តិហេតុនេះឡើយ ដោយពណ៌នាថា រឿងនេះជាបញ្ហាយោធាដ៏រសើបមួយ។
នៅពេលត្រូវសាកសួរថា តើស្ថានការណ៍នេះនឹងជះឥទ្ធិពលដល់កិច្ចប្រឹងប្រែងការទូតជាមួយអ៊ីរ៉ង់ដែរឬទេ លោក Trump ឆ្លើយថា៖ «មិនប៉ះពាល់ទាល់តែសោះ ពីព្រោះសង្រ្គាមគឺដូច្នេះឯង»។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars របស់អ៊ីរ៉ង់ បានរាយការណ៍ដោយដកស្រង់ប្រភពថា អាមេរិក កាលពីថ្ងៃទី២ ខែមេសា បានស្នើឱ្យមានបទឈប់បាញ់រយៈពេល ៤៨ម៉ោង ជាមួយអ៊ីរ៉ង់។
យោងតាមទីភ្នាក់ងារសារព័ត៌មាននោះ អ៊ីរ៉ង់មិនបានឆ្លើយតបជាលាយលក្ខណ៍អក្សរទេ ប៉ុន្តែផ្ទុយទៅវិញបានឆ្លើយតប «នៅលើសមរភូមិ» ដោយបន្តការវាយប្រហារតបតយ៉ាងខ្លាំង។ ប្រភពដដែលក៏បាននិយាយថា «កិច្ចខិតខំផ្នែកការទូតរបស់អាមេរិកដើម្បីបញ្ឈប់ការប្រយុទ្ធ គឺកាន់តែខ្លាំងក្លាឡើង ជាពិសេសបន្ទាប់ពីមានរបាយការណ៍អំពីការវាយប្រហារលើឃ្លាំងយោធាអាមេរិកមួយកន្លែង នៅលើកោះ Bubiyan ក្នុងប្រទេសកូវ៉ែត»៕



