កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃសៅរ៍ថា តំបន់នឹងក្លាយជាឋាននរក ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងអ៊ីស្រាអែល បង្កើនសម្ពាធលើអ៊ីរ៉ងឲ្យបើកច្រកសមុទ្រយុទ្ធសាស្រ្ត Hormuz បើពុំដូច្នោះទេនឹងប្រឈមការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន ។
លោក Ebrahim Zolfaqari គឺជាអ្នកនាំពាក្យទីបញ្ជាការកងទ័ពកណ្តាលនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និយាយថា បើសិនជាភាពតានតឹងកើនឡើងនៅតែបន្ត តំបន់ទាំងមូលនឹងក្លាយជាឋាននរកសម្រាប់អ្នករាល់គ្នា ស្របពេលដែលរូបលោកអះអាងថា ផលប្រយោជន៍ជាច្រើនរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ។

លោក Trumpដែលបានបញ្ជូនសារចម្រុះជាច្រើន ចាប់តំាងពីជម្លោះចាប់ផ្តើមជាមួយការទម្លាក់គ្រាប់បែករួមគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈនោះ បាននិយាយប្រាប់ទីក្រុងតេអេរ៉ង់ថា ឱសានវាទចុងក្រោយរបស់លោកសម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម កំពុងខិតជិតមកដល់យ៉ាងឆាប់រហ័ស ។
លោកបានសរសេរនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social ថា ត្រូវចំាពេលដែលរូបលោកកំណត់ពេល ១០ថ្ងៃដល់អ៊ីរ៉ង់ ឲ្យបង្កើតកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រ Hormuz ។ ពេលវេលានឹងអស់ រយៈពែល ៤៨ម៉ោងទៀត មុនពេលនរកស្រោចលើពួកគេ ៕
