ការវាយប្រហាររបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោច ១៥នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ស្របពេលដែលលោកប្រធានាធិបតី Volodymyr Zelenskyy មាននូវជំនួបជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។
លោក Oleh Syniehubov គឺជាអភិបាលតំបន់ Kharkiv និយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោច ៤នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១១នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់រុស្ស៊ី ដែលមានគោលដៅលើទីក្រុង Kharkiv និងទីក្រុងតូច-ធំ ១១ទៀត ស្ថិតនៅតំបន់ភាគឦសានប្រទេសអ៊ុយក្រែន ។

នៅតំបន់ភាគឦសានអ៊ុយក្រែននេះដែរ មនុស្សយ៉ាងហោច ១១នាក់ រួមទាំងកុមារម្នាក់ បានរងរបួស ពេលដែលយានដ្រូនរុស្ស៊ី វាយប្រហារអគារមួយខ្នងនៅតំបន់ Sumy អំឡុងការវាយប្រហារនៅពេលយប់ ។
យោងតាមការអះអាងរបស់អភិបាលតំបន់ Dnipropetrovsk លោក Oleksandr Ganja បានឲ្យដឹងថា នៅទីក្រុងភាគអាគ្នេយ៍ Nikopol យានដ្រូនមួយគ្រឿងរបស់រុស្ស៊ី បានវាយប្រហារផ្សារមួយកន្លែង ដោយបានសម្លាប់មនុស្ស ៥នាក់ និងមនុស្ស ២៥នាក់ផ្សេងទៀត រងរបួស ។
ដោយឡែក អភិបាលតំបន់ Donetsk លោក Vadym Filashkin និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram និយាយថា មនុស្ស ៦នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១០នាក់ផ្សេងទៀត បានរងរបួស នៅតំបន់ភាគខាងកើតអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។
កងទ័ពអាកាសអ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូន ២៦០គ្រឿង ក្នុងចំណោមយានដ្រូន ២៨៦គ្រឿងរបស់រុស្ស៊ី ដែលបាញ់បង្ហោះលើតំបន់ភាគខាងជើង ភាគខាងត្បូង ភាគខាងកើត និងតំបន់ភាគកណ្តាលប្រទេស អំឡុងការវាយប្រហារនៅពេលយប់ ៕
