ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយកាលពីថ្ងៃសៅរ៍ថា លោកបានត្រៀមខ្លួនរួចរាល់ក្នុងការជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សម្រាប់កិច្ចចរចាបញ្ចប់សង្រ្គាមរវាងប្រទេសទាំង ២ ។
លោក Zelenskiy បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះដល់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបជាមួយសង្ឃរាជគ្រិស្ត Bartholomew I ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ជាទីដែលលោកបានជួបជាមួយប្រធានាធិបតីទួរគីលោក Tayyip Erdogan ផងដែរ ។

លោក Zelenskiy បានប្រកាសកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយទួរគី ក្រោយជំនួបជាមួយលោក Erdogan ខណៈទីក្រុងគីវ ព្យាយាមស្វែងរកប្រយោជន៍ពីចំណេះដឹងនាសម័យសង្រ្គាមរបស់ខ្លួនលើឆាកអន្តរជាតិ ។
លោកនិយាយថា លោកបានយល់ព្រជំហានថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រធានាធិបតីទួរគី ហើយក្រុមការងារនឹងបញ្ចប់សេចក្តីលម្អិតក្នុងពេលឆាប់ៗខាងមុខនេះ ។
ដោយឡែក លោក Erdogan និយាយប្រាប់លោក Zelenskiyដែរថា ទួរគីនឹងបន្តគាំទ្រកិច្ចចរចារវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមរបស់ពួកគេ ៕
