រដ្ឋាភិបាល នាព្រឹកថ្ងៃអាទិត្យ (ទី៥ ខែមេសា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិក បានជួយសង្គ្រោះអ្នកបើកយន្តហោះម្នាក់ដែលជាប់នៅខាងក្នុងរង្វង់ដែនដីរបស់សត្រូវ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់អាកាសយានិករូបនេះ ដោយនេះជាការដោះស្រាយវិបត្តិដ៏ធំមួយ សម្រាប់ប្រធានាធិបតី លោក Donald Trump ខណៈសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ស្ថិតក្នុងសប្តាហ៍ទី ៦ ហើយ។
យោងតាមសេចក្តីថ្លែងការណ៍មួយពីលោក Trump ដែលបានបង្ហោះដោយអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt នៅលើបណ្ដាញសង្គម X បានឲ្យដឹងថា៖ «ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ យោធាសហរដ្ឋអាមេរិកបានបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដ៏ក្លាហានបំផុតមួយ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក»។

តាមរយៈសេចក្ដីថ្លែងការណ៍នោះ លោក Trump បានបញ្ជាក់ថា អាកាសយានិកបានរងរបួស ប៉ុន្តែ «រូបគេនឹងមិនមានបញ្ហាអ្វីទេ»។
អ្នកបើកយន្តហោះរូបនេះ គឺជាសមាជិកទី២ ក្នុងចំណោមអាកាសយានិក ២នាក់នៃយន្តហោះ F-15 ដែលអ៊ីរ៉ង់បានឲ្យដឹងកាលពីថ្ងៃទី៣ ខែមេសាថា ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី៣ ខែមេសាថា សមាជិកដំបូងត្រូវបានរកឃើញ ដែលធ្វើឲ្យមានការស្វែងរកដ៏ធំ និងបន្ទាន់ សម្រាប់អ្នកបើកយន្តហោះនៅសល់ ដោយទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក៕
