យោធាអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ (ទី៤ ខែមេសា ឆ្នាំ២០២៦) បានឲ្យដឹងថា ខ្លួននឹងវាយប្រហារតំបន់មួយ នៅជិតច្រកព្រំដែនដ៏សំខាន់ រវាងប្រទេសស៊ីរី និងលីបង់ ដោយជំរុញឲ្យប្រជាជនជម្លៀសចេញជាបន្ទាន់ ខណៈដែលខ្លួនបន្តវាយប្រហារទូទាំងលីបង់។
អ៊ីស្រាអែលបានធ្វើការវាយប្រហារទូទាំងលីបង់ និងបានចាប់ផ្តើមការឈ្លានពានផ្លូវគោក នៅភាគខាងត្បូងចាប់តាំងពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាបានចូលរួមក្នុងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដោយឈរខាងអ៊ីរ៉ង់ដែលជាអ្នកគាំទ្រខ្លួន។
ដោយជំរុញឲ្យអ្នកស្រុកចាកចេញពីតំបន់នោះ អ្នកនាំពាក្យយោធាជាភាសាអារ៉ាប់ លោក Avichay Adraee បាននិយាយថា៖ «ដោយសារតែក្រុមហេសបូឡាប្រើប្រាស់ច្រកព្រំដែន Masnaa សម្រាប់គោលបំណងយោធា និងការរត់ពន្ធគ្រឿងយុទ្ធបករណ៍ (កងទ័ពអ៊ីស្រាអែល) មានបំណងវាយប្រហារលើច្រកព្រំដែននេះនាពេលខាងមុខដ៏ខ្លី»។

ប្រភពសន្តិសុខលីបង់ នៅច្រកព្រំដែន Masnaa បានប្រាប់សារព័ត៌មាន AFP ថា ពួកគេ «កំពុងជម្លៀសចេញពីច្រកព្រំដែននេះ បន្ទាប់ពីការគំរាមកំហែងពីអ៊ីស្រាអែល»។
នៅប្រទេសស៊ីរី នាយកទំនាក់ទំនងសាធារណៈនៃអាជ្ញាធរព្រំដែន និងគយ លោក Mazen Aloush បានឲ្យដឹងថា ច្រកឆ្លងកាត់នេះ ដែលត្រូវបានគេស្គាល់ថា Jdeidet Yabous នៅខាងស៊ីរី គឺ «សម្រាប់ប្រើប្រាស់ដោយជនស៊ីវិលតែប៉ុណ្ណោះ ហើយមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាណាមួយឡើយ»។ លោក Aloush បានបន្ថែមថា៖ «ដោយសារតែការព្រមានដែលកំពុងចរាចរ និងដោយសារក្ដីបារម្ភ អំពីសុវត្ថិភាពរបស់អ្នកធ្វើដំណើរ ចរាចរណ៍ឆ្លងកាត់ច្រកឆ្លងកាត់នេះនឹងត្រូវផ្អាកជាបណ្តោះអាសន្ន រហូតដល់ថយចុះនូវហានិភ័យដែលអាចកើតមាន»។
Masnaa គឺជាច្រកឆ្លងកាត់សំខាន់ រវាងលីបង់ និងស៊ីរី ដែលធ្វើឲ្យវាក្លាយជាផ្លូវពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសទាំង២ និងជាច្រកផ្លូវគោកដ៏សំខាន់ ដើម្បីឲ្យលីបង់ទៅកាន់តំបន់ផ្សេងទៀត។ អ៊ីស្រាអែលបានវាយប្រហារច្រកឆ្លងកាត់នេះ ក្នុងខែតុលា ឆ្នាំ២០២៤ អំឡុងសង្គ្រាមពីមុនរបស់ខ្លួនជាមួយក្រមហេសបូឡា៕


