ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសៅរ៍ (ទី៤ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា ប្រទេសអ៊ីរ៉ង់មានរយៈពេល ៤៨ម៉ោង ក្នុងការបំពេញតាមការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីឈានដល់កិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ។
តាមរយៈបណ្ដាញសង្គម Truth Social របស់លោក លោក Trump បានបញ្ជាក់ថា៖ «សូមរំលឹកឡើងវិញ នៅពេលដែលខ្ញុំបានផ្តល់ពេលឲ្យអ៊ីរ៉ង់រយៈពេល ១០ថ្ងៃ ដើម្បីធ្វើកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រ HORMUZ។ ពេលវេលាជិតអស់ហើយ ឥឡូវនេះ នៅសល់ ៤៨ម៉ោងទៀត មុនពេលរូបភាពដូចឋាននរកគ្រប់យ៉ាង នឹងកើតមានលើពួកគេ»។

កាលពីថ្ងៃទី២៦ ខែមីនា លោក Trump បាននិយាយថា លោកបានបន្ថែមរយៈពេលថ្ងៃផុតកំណត់ចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់រហូតដល់ ១០ថ្ងៃ មួយផ្នែកដោយសារតែទីក្រុងតេអេរ៉ង់បានអនុញ្ញាតឲ្យនាវាដឹកប្រេងមានទង់ជាតិប៉ាគីស្ថានចំនួន ១០គ្រឿងឆ្លងកាត់ ជាកាយវិការសុច្ឆន្ទៈ។
គួរបញ្ជាក់ថា តំបន់មជ្ឈិមបូព៌ា បានស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ន ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយលុករួមគ្នា លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានបណ្ដាលឲ្យមានមនុស្សជាង ១.៣៤០នាក់ហើយបាត់បង់ជីវិត រហូតមកដល់ពេលនេះ ក្នុងនោះរួមទាំងមេដឹកនាំកំពូល លោក Ali Khamenei ផងដែរ។
ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដោយយានដ្រូន និងមីស៊ីល ដែលវាយប្រហារលើអ៊ីស្រាអែល ក៏ដូចជាហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រដែលជាកន្លែងផ្ទុកធនធានយោធារបស់សហរដ្ឋអាមេរិក។ អ៊ីរ៉ង់ក៏បានរឹតត្បិតការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ផងដែរ៕


