អាកាសយានដ្ឋានជាច្រើន នៅក្នុងប្រទេសអ៊ីតាលី បានចេញសេចក្តីជូនដំណឹង អំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈមានកំណត់ សម្រាប់រយៈពេល ២-៣ ថ្ងៃខាងមុខ ខណៈដែលជម្លោះ នៅតំបន់មជ្ឈិមបូព៌ា បង្ហាញនូវសញ្ញាតិចតួច ក្នុងការឈានដល់ទីបញ្ចប់។

យោងតាមសេចក្តីជូនដំណឹងដល់អាកាសយានិក ឬ Notam បានឲ្យដឹងថា ការរឹតបន្តឹងប្រេងឥន្ធនៈ សម្រាប់យន្តហោះ ត្រូវបានណែនាំនៅអាកាសយានដ្ឋាន Bologna, Milan Linate, Treviso និង Venice។ សេចក្តីជូនដំណឹងនេះ មានចាប់ពីថ្ងៃទី២ ខែមេសា ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នេះ។ សេចក្តីជូនដំណឹងនេះ ឲ្យដឹងទៀតថា ប្រេងឥន្ធនៈយន្តហោះ A1 របស់ក្រុម Air BP Italia មិនមានច្រើននោះទេ។
ការរឹតត្បិត នៅអ៊ីតាលីនេះ គឺជាឧទាហរណ៍ដំបូងបំផុតនៃការខ្វះខាតប្រេងឥន្ធនៈ នៅតំបន់អឺរ៉ុប ដែលចាប់ផ្តើមប៉ះពាល់ដល់ប្រតិបត្តិការ ចាប់តាំងពីជម្លោះ បានផ្ទុះឡើងនៅមជ្ឈិមបូព៌ា និងនាំឲ្យមានការបិទច្រកសមុទ្រ Hormuz ប្រកបដោយប្រសិទ្ធភាព ដែលធ្វើឲ្យការផ្គត់ផ្គង់ប្រេងឆៅ ឧស្ម័ន និងផលិតផល ដូចជាប្រេងឥន្ធនៈយន្តហោះដល់អតិថិជនសកល ត្រូវបានរាំងស្ទះ។
បើយោងតាមទិន្នន័យ Vortexa ដែលចងក្រងដោយសារព័ត៌មាន Bloomberg News បានបង្ហាញថា អឺរ៉ុបគឺជាអ្នកនាំចូលប្រេងឥន្ធនៈយន្តហោះដ៏សំខាន់ ក្នុងនោះរួមទាំងប្រេងកាតផងដែរ ពីឈូងសមុទ្រពែរ្ស ដោយការផ្គត់ផ្គង់ពីតំបន់នោះ មានចំនួនប្រហែលពាក់កណ្តាលនៃការនាំចូលទៅកាន់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស៕
