នាយសេនាធិការរបស់ប្រធានាធិបតី លោក Volodymyr Zelensky បាននិយាយថា ប្រទេសអ៊ុយក្រែនរំពឹងថា បេសកជនជាន់ខ្ពស់ លោក Steve Witkoff និងលោក Jared Kushner នឹងដឹកនាំគណៈប្រតិភូអាមេរិកមកកាន់ទីក្រុងគីវ នៅខែមេសានេះ ខណៈដែលកិច្ចប្រឹងប្រែង ដើម្បីចាប់ផ្ដើមចរចាសន្តិភាពឡើងវិញ កំពុងដំណើរការ។
លោក Kyrylo Budanov បានប្រាប់សារព័ត៌មាន Bloomberg ថា ក្រុមនេះអាចនឹងមកដល់ភ្លាមៗ បន្ទាប់ពីបុណ្យ Easter នៃសាសនាគ្រិស្តនិកាយអថូដុក ដែលត្រូវប្រារព្ធឡើងនៅថ្ងៃទី១២ ខែមេសា។
ទោះបីជាបេសកជនពិសេស លោក Witkoff និងលោក Kushner ដែលជាកូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើដំណើរទៅរុស្ស៊ីជាច្រើនដង សម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតី លោក Vladimir Putin ក៏ដោយ ក៏នេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់ឥស្សរជនទាំងនោះទៅកាន់អ៊ុយក្រែន។

លោក Budanov បានបញ្ជាក់ថា សមាជិកព្រឹទ្ធសភាសាធារណរដ្ឋ លោក Lindsey Graham ក៏អាចជាផ្នែកមួយនៃក្រុមនេះផងដែរ។ នៅមុននេះ លោក Zelensky បានអញ្ជើញអ្នកចរចាអាមេរិកឲ្យទៅទីក្រុងគីវ ប៉ុន្តែមិនបានពន្យល់លម្អិតគឡើយ អំពីពេលវេលានៃដំណើរទស្សនកិច្ចដែលអាចកើតមាននេះ។ លោកក៏បាននិយាយផងដែរថា ការឈប់នៅអ៊ុយក្រែនអាចធ្វើឡើងមុនដំណើរទស្សនកិច្ចបន្ទាប់របស់ក្រុមទៅកាន់ទីក្រុងមូស្គូ។
មន្ត្រីអាមេរិកម្នាក់បានឲ្យដឹងថា ទស្សនកិច្ចដែលអាចមានរបស់លោក Witkoff និងលោក Kushner ទៅកាន់អ៊ុយក្រែននេះ កំពុងស្ថិតក្រោមការពិភាក្សា ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
អ៊ុយក្រែនស្វែងរកការបំភ្លឺ អំពីភាពច្បាស់លាស់នៃការធានាសន្តិសុខដែលសហរដ្ឋអាមេរិកនឹងផ្តល់ឲ្យ ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត ជាផ្នែកមួយនៃការមានកិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងមូស្គូ ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ន ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី ៥ ហើយ៕
