ដោយដកស្រង់លិខិតមួយច្បាប់របស់ការិយាល័យអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រសួងកសិកម្ម ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានអនុម័តកាលថ្ងៃពីសៅរ៍ (ទី៤ ខែមេសា ឆ្នាំ២០២៦) ឲ្យនាវាដឹកទំនិញមនុស្សធម៌ និងទំនិញចាំបាច់ឆ្លងកាត់ច្រកសមុទ្រ Hormuz។

របាយការណ៍នេះបានឲ្យដឹងថា ដោយមានការគាំទ្រពីរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ សេចក្តីណែនាំនេះអនុញ្ញាតឲ្យនាវាដឹកទំនិញចាំបាច់ និងចំណីសត្វឆ្លងកាត់ក្រោមពិធីសារដែលបានកំណត់។ សារព័ត៌មានបានបន្ថែមថា បន្ទាប់ពីមានការអនុម័តនេះ សមាគមឧស្សាហកម្មបានជូនដំណឹងដល់ក្រុមហ៊ុនសមាជិករបស់ពួកគេ ឲ្យបន្តបញ្ជូននាវាដឹកទំនិញទៅកាន់កំពង់ផែភាគខាងត្បូងអ៊ីរ៉ង់ បន្ទាប់ពីបានដកចេញការរឹតបន្តឹងពីមុន។
គួរបញ្ជាក់ថា ភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា បានឡើងកម្ដៅជាលំដាប់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយលុករួមគ្នា លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាជម្លោះដែលបានសម្លាប់មនុស្សមិនតិចជាង ១.៣៤០នាក់ រហូតមកដល់ពេលនេះ ក្នុងនោះរួមមានទាំងមេដឹកនាំកំពូល លោក Ali Khamenei ក៏ដូចជាឥស្សរជនជាន់ខ្ពស់ផ្សេងទៀតដែរ។
ទីក្រុងតេអេរ៉ង់បានតបតវិញដោយការវាយប្រហារដោយយានដ្រូន និងមីស៊ីល ដែលកំណត់គោលដៅលើអ៊ីស្រាអែល ក៏ដូចជាហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រ ដែលមានធនធានយោធាអាមេរិក។ អ៊ីរ៉ង់ក៏បានរឹតបន្តឹងការធ្វើដំណើររបស់នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ផងដែរ៕
