ទាំងមន្ត្រីគ្រោះមហន្តរាយរបស់អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ (ទី ៤ ខែមេសា ឆ្នាំ២០២៦) ថា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១២១នាក់ស្លាប់ ខណៈរាប់រយនាក់រងរបួស ក្នុងរយៈពេល ២សប្តាហ៍មកនេះ នៅទូទាំងប្រទេសទាំង២។
អាកាសធាតុមានខ្យល់ព្យុះនេះ បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង នៅទូទាំងអាហ្វហ្គានីស្ថាន តាំងពីចុងខែមីនាមក ដែលបណ្តាលឲ្យមានទឹកជំនន់ និងបំណាក់បាក់ដី ហើយបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងដំណាំ។
អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថាន (ANDMA) លោក Mohammad Yousuf Hammad បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃសៅរ៍ថា៖ «ចាប់តាំងពីថ្ងៃទី២៦ ខែមីនា រហូតមកដល់ថ្ងៃនេះ មនុស្ស ៧៧នាក់បានបាត់បង់ជីវិត ហើយ ១៣៧នាក់យ៉ាងតិច រងរបួសនៅទូទាំងប្រទេស ដោយសារតែទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង»។ ហើយអ្នកនាំពាក្យរូបនេះបានបន្ថែមថា មនុស្ស ២៦នាក់បានស្លាប់ និង ៤៨នាក់រងរបួស នៅទូទាំងប្រទេស ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ ដោយសារតែភ្លៀង ទឹកជំនន់ បំណាក់ដី និងរន្ទះបាញ់។

ចំណែកមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា នៅទូទាំងព្រំដែនក្នុងប្រទេសរបស់ខ្លួន មនុស្ស ៤៤នាក់ស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ហើយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានប្រាប់សារព័ត៌មាន AFP ថា យ៉ាងហោចណាស់មនុស្ស ៣២នាក់ បានបាត់បង់ជីវិត នៅក្នុងខេត្ត Khyber Pakhtunkhwa ភាគខាងជើង ចាប់តាំងពីថ្ងៃទី២៥ ខែមីនាមក និងមិនតិចជាង ១២នាក់នៅភាគនិរតីនៃខេត្ត Balochistan ចាប់តាំងពីថ្ងៃទី២០ ខែមីនាមក។
សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការព្រមានរបស់ខ្លួនជាថ្មីដល់ប្រជាជនឲ្យនៅឆ្ងាយពី «ទន្លេ និងអូរដែលមានទឹកជំនន់ ហើយអនុវត្តតាមការព្យាករអាកាសធាតុយ៉ាងខ្ជាប់ខ្ជួន»៕

