ក្រុមហ៊ុនលក់ប្រេងរដ្ឋរបស់អ៊ីរ៉ាក់ ឈ្មោះ SOMO បានស្នើឱ្យអតិថិជនរបស់ខ្លួន បញ្ជូនកាលវិភាគដឹកជញ្ជូនប្រេងឆៅក្នុងរយៈពេល ២៤ម៉ោង នេះបើយោងតាមឯកសារមួយដែលពិនិត្យដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានផ្ដល់ការលើកលែងឱ្យអ៊ីរ៉ាក់ នៅក្នុងការបិទខ្ទប់របស់ខ្លួនលើច្រកសមុទ្រហ័រមូសដ៏សំខាន់។

ក្នុងឯកសារដែលដាក់ចេញកាលពីថ្ងៃទី៥ ខែមេសា ក្រុមហ៊ុន SOMO បានបញ្ជាក់ថា៖ «ដោយផ្អែកលើចំណុចខាងលើ និងដើម្បីធានាបាននូវនិរន្តរភាព និងស្ថិរភាពនៃប្រតិបត្តិការនាំចេញប្រេងឆៅ ស្ថាប័នសូមជំរុញឱ្យក្រុមហ៊ុននានាបញ្ជូនកាលវិភាគរបស់ខ្លួនក្នុងការដឹកជញ្ជូន ក្នុងរយៈពេល ២៤ម៉ោង ដើម្បីអនុញ្ញាតឱ្យមានការសម្របសម្រួលទាន់ពេលវេលានូវកម្មវិធីដឹកជញ្ជូន រួមទាំងការចាត់តាំងនាវា និងបរិមាណតាមកិច្ចសន្យា ឱ្យស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាទាំងស្រុង»។
ការចាប់ផ្តើមនាំចេញប្រេងជាថ្មីនេះ នឹងជួយឱ្យប្រទេសដែលជាសមាជិកអង្គការនាំចេញប្រេង OPEC មួយនេះ បង្កើនផលិតកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីទិន្នផលបានធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹមប្រហែល ៨សែនបារ៉ែល ក្នុងមួយថ្ងៃ កាលពីខែមីនា ដោយសារតែជម្លោះនៅក្នុងតំបន់។
យ៉ាងណាក៏ដោយ អ្នកជំនាញនៅក្នុងទីផ្សារមួយចំនួនបានលើកឡើងថា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើម្ចាស់នាវានឹងអនុញ្ញាតឱ្យនាវាដឹកប្រេងរបស់ពួកគេចូលទៅក្នុងតំបន់ឈូងសមុទ្រដើម្បីដឹកប្រេងដែរឬទេ ដោយសារតែសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ នៅតែបន្តយ៉ាងក្ដៅគគុកបែបនេះ៕

