អង្គការ OPEC បូក បានព្រមព្រៀងកាលពីថ្ងៃអាទិត្យ ទី៥ ខែមេសាថា នឹងបង្កើនកូតាទិន្នផលប្រេងរបស់ខ្លួនចំនួន ២០៦.០០០បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែឧសភា ជាការបង្កើនតិចតួច ដែលភាគច្រើននឹងមាននៅលើក្រដាស ខណៈសមាជិកសំខាន់ៗមិនអាចបង្កើនផលិតកម្មបានដោយសារតែសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

សង្គ្រាមនេះ បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតរបស់ពិភពលោក ចាប់តាំងពីចុងខែកុម្ភៈ ដោយកាត់បន្ថយការនាំចេញប្រេងពីសមាជិកអង្គការ OPECបូក មានប្រទេសអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម កូវ៉ែត និងប្រទេសអ៊ីរ៉ាក់។ តម្លៃប្រេងឆៅ បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំមកនេះ ដល់ជិត១២០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលធ្វើឲ្យកើនឡើងតម្លៃប្រេងឥន្ធនៈដឹកជញ្ជូន និងដាក់សម្ពាធលើអ្នកប្រើប្រាស់ និងអាជីវកម្ម នៅទូទាំងពិភពលោក។ ការកើនឡើងកូតាបង្ហាញចំនួនតិចជាង២ភាគរយនៃការផ្គត់ផ្គង់ដែលត្រូវបានរំខានដោយការបិទច្រកសមុទ្រ Hormuz ប៉ុន្តែបង្ហាញសញ្ញាពីការត្រៀមខ្លួនដើម្បីបង្កើនទិន្នផលនៅពេលដែលផ្លូវទឹកបើកឡើងវិញ។

សមាជិកចំនួនប្រាំបីនៃអង្គការ OPECបូក បានព្រមព្រៀងលើការបង្កើនកូតានៅខែឧសភា នៅក្នុងកិច្ចប្រជុំតាមអនឡាញមួយកាលពីថ្ងៃអាទិត្យ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ OPECបូក។
ក្រៅពីការរំខានដែលប៉ះពាល់ដល់សមាជិកឈូងសមុទ្រ ប្រទេសដទៃទៀតដូចជា រុស្ស៊ី មិនអាចបង្កើនទិន្នផលបានទេ ក្នុងករណីរបស់ទីក្រុងមូស្គូដោយសារតែទណ្ឌកម្មរបស់ប្រទេសលោកខាងលិច និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធបង្កឡើងក្នុងអំឡុងសង្គ្រាមជាមួយអ៊ុយក្រែន។