គេហទំព័រព័ត៌មានអាមេរិក Axios បានរាយការណ៍កាលពីថ្ងៃអាទិត្យ (៥ មេសា) ដោយដកស្រង់ប្រភពមួយចំនួនរបស់អាមេរិក អ៊ីស្រាអែល និងប្រភពក្នុងតំបន់ ដែលដឹងពីកិច្ចចរចានេះថា សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងក្រុមអ្នកសម្របសម្រួលនៅក្នុងតំបន់ កំពុងតែពិភាក្សាអំពីលក្ខខណ្ឌសម្រាប់បទឈប់បាញ់រយៈពេល ៤៥ថ្ងៃ ដែលអាចនាំទៅដល់ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។

របាយការណ៍ Axios បាននិយាយថា ក្រុមអ្នកសម្របសម្រួលកំពុងពិភាក្សាគ្នាអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានពីរដំណាក់កាល ដោយបន្ថែមថា ដំណាក់កាលដំបូងនឹងជាបទឈប់បាញ់រយៈពេល ៤៥ថ្ងៃ ដែលនៅក្នុងអំឡុងពេលនោះ នឹងមានការចរចាបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។

របាយការណ៍បានឱ្យដឹងទៀតថា ដំណាក់កាលទីពីរនឹងជាកិច្ចព្រមព្រៀងមួយស្តីពីការបញ្ចប់សង្គ្រាម។ Axios បន្ថែមថា រយៈពេលបទឈប់បាញ់អាចត្រូវបានពង្រីក ប្រសិនបើត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការចរចាឈានទៅរកការបញ្ចប់សង្រ្គាមមួយនេះ ដែលបានអង្រួនទីផ្សារថាមពលពិភពលោក និងបានបង្កជាក្ដីបារម្ភពីអតិផរណាសកល។

ដោយឡែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃអាទិត្យថា ឱសានវាទរបស់លោកសម្រាប់អ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្រហ័រមូស គឺនៅល្ងាចថ្ងៃអង្គារ ទី៧ ខែមេសា ស្អែកនេះ ហើយបើទីក្រុងតេអេរ៉ង់ មិនបើកច្រកសមុទ្រដ៏សំខាន់នេះទេ អ៊ីរ៉ង់នឹងប្រឈមការវាយប្រហារស្រោចលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងខ្លាំងក្លាបំផុត៕