តម្លៃប្រេងបន្តហក់ឡើងជាថ្មីម្ដងទៀត នៅថ្ងៃចន្ទ (៦ មេសា) នេះ ដោយសារក្តីបារម្ភជាបន្តបន្ទាប់អំពីផលប៉ះពាល់ផ្នែកផ្គត់ផ្គង់ ដែលបណ្តាលមកពីការរំខានដល់ការដឹកជញ្ជូនក្នុងតំបន់ផលិតកម្មដ៏សំខាន់នៃមជ្ឈិមបូព៌ា ស្របពេលសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ទល់នឹងអ៊ីរ៉ង់ នៅតែបន្តយ៉ាងក្ដៅគគុក។

ប្រេងឆៅ Brent កើនឡើង ១,៧១ដុល្លារ ឬ ១,៦% ដល់តម្លៃ ១១០,៧៤ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០០:៥៧នាទីអាធ្រាត្រចូលថ្ងៃចន្ទនេះ ខណៈសន្ទស្សន៍ប្រេងឆៅ WTI របស់អាមេរិក កើនបាន ០,៧១ដុល្លារ ឬ ០,៦% មកនៅត្រឹម ១១២,២៥ ក្នុងមួយបារ៉ែល។

កាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃជួញដូរចុងក្រោយសម្រាប់សប្ដាហ៍មុន តម្លៃប្រេង WTI បានបិទការជួញដូរក្នុងកំណើនជាង ១១% ហើយប្រេងឆៅ Brent បានហក់ឡើងជិត ៨% ដែលនេះជាកំណើនតម្លៃដ៏ធំបំផុតរបស់សន្ទស្សន៍ទាំងពីរ ចាប់តាំងពីឆ្នាំ២០២០មក នៅពេលដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានប្ដេជ្ញាថានឹងបន្តការវាយប្រហារលើអ៊ីរ៉ង់។

ច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេង និងផលិតផលប្រេងពីអ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត កាតា កូវ៉ែត និងអារ៉ាប់រួម នៅតែបន្តបិទភាគច្រើន ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់លើការដឹកជញ្ជូន បន្ទាប់ពីសង្គ្រាមបានឆាបឆេះនៅថ្ងៃទី២៨ ខែកុម្ភៈ។ កាលពីថ្ងៃអាទិត្យ លោក Trump បានគំរាមក្នុងសារបង្ហោះលើបណ្តាញសង្គមដែលពោរពេញដោយពាក្យសម្តីអសុរោះថា អាមេរិកនឹងកំណត់គោលដៅវាយប្រហារលើរោងចក្រអគ្គិសនី និងស្ពាននានារបស់អ៊ីរ៉ង់ នៅថ្ងៃអង្គារ ទី៧ ខែមេសា ស្អែកនេះ ប្រសិនបើច្រកសមុទ្រយុទ្ធសាស្ត្រហ័រមូស មិនបើកឡើងវិញទេនោះ៕