ក្រុមផ្ដល់ជំនួយកំពុងព្រមានថាសង្គ្រាមនៅមជ្ឈិមបូព៌ាបានរារាំងសមត្ថភាពរបស់ពួកគេក្នុងការទទួលបានអាហារ និងថ្នាំពេទ្យ ដល់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ដែលកំពុងជួបការខ្វះខាត ហើយថាទុក្ខវេទនានឹងកាន់តែធ្ងន់ធ្ងរប្រសិនបើអំពើហិង្សានៅតែបន្ត។

ជម្លោះមិនត្រឹមតែបានកាត់ផ្តាច់ផ្លូវដឹកជញ្ជូនសំខាន់ៗ ដែលបង្កើតវិបត្តិថាមពលសកលប៉ុណ្ណោះទេ វាក៏កំពុងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ក្រុមជំនួយផងដែរ ដោយបង្ខំពួកគេឱ្យប្រើប្រាស់ផ្លូវដែលមានតម្លៃថ្លៃ និងចំណាយពេលវែង។

ផ្លូវសំខាន់ៗដូចជាច្រកសមុទ្រ Hormuz ត្រូវបានបិទ ហើយផ្លូវពីមជ្ឈមណ្ឌលយុទ្ធសាស្ត្រដូចជាទីក្រុងឌុយបៃ ដូហា និងអាប៊ូដាប៊ី ក៏ត្រូវបានរងផលប៉ះពាល់ផងដែរ។ ថ្លៃដឹកជញ្ជូនបានកើនឡើងដោយសារតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ និងធានារ៉ាប់រងខ្ពស់ មានន័យថាការផ្គត់ផ្គង់តិចជាងមុនអាចត្រូវបានដឹកជញ្ជូនជាមួយនឹងចំនួនទឹកប្រាក់ដូចគ្នា។
កម្មវិធីស្បៀងអាហារពិភពលោកនិយាយថា ខ្លួនមានអាហាររាប់ម៉ឺនតោនត្រូវបានពន្យារពេលទាំងបង្ខំ ក្នុងការដឹកជញ្ជូន។ គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ មានឱសថ ក្នុងទំហំទឹកប្រាក់ ១៣០.០០០ ដុល្លារសម្រាប់ប្រទេសស៊ូដង់កំពុងរងទុក្ខដោយសង្គ្រាម ដែលជាប់គាំងនៅទីក្រុងឌូយបៃ និងប្រអប់អាហារចំនួន ៦៧០ ប្រើប្រាស់សម្រាប់ការព្យាបាលកុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅក្នុងប្រទេសសូម៉ាលីដែលជាប់គាំងនៅក្នុងប្រទេសឥណ្ឌា។
មូលនិធិប្រជាជនអង្គការសហប្រជាជាតិនិយាយថា ខ្លួនបានពន្យារពេលបញ្ជូនឧបករណ៍ទៅកាន់ប្រទេសចំនួន ១៦ ស្របពេលដែលប្រទេសទាំងនោះរងផលប៉ះពាល់រួចទៅហើយពីការកាត់ផ្ដាច់កញ្ចប់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក៕