ក្រុមពលរដ្ឋជប៉ុន បានប្រមូលផ្តុំគ្នាកាលពីល្ងាចថ្ងៃអាទិត្យនៅទីក្រុងតូក្យូ ដោយបង្ហាញការជំទាស់ទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រីកអំណាចយោធា និងកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេស។

រដ្ឋធម្មនុញ្ញជប៉ុន ដែលដាក់ឲ្យដំណើរការនៅឆ្នាំ១៩៤៧ ជារឿយៗត្រូវបានគេកំណត់ថាជារដ្ឋធម្មនុញ្ញសន្តិនិយម ព្រោះមាត្រាទី៩ ចែងថាប្រជាជនជប៉ុន ច្រានចោលសង្គ្រាមជារៀងរហូតជាសិទ្ធិអធិបតេយ្យនៃជាតិរបស់ខ្លួន ដែលនឹងមិនត្រូវបានគំរាមកំហែងឬប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះអន្តរជាតិឡើយ។ បន្ទាប់ពីគណបក្សរបស់លោកស្រី បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសកលនៅពាក់កណ្តាលខែកុម្ភៈ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលជាអ្នកតស៊ូមតិយូរអង្វែងក្នុងការធ្វើវិសោធនកម្មមាត្រាទី៩ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការកែប្រែរដ្ឋធម្មនុញ្ញ ដែលបង្កើនការព្រួយបារម្ភយ៉ាងទូលំទូលាយនៅទូទាំងសង្គមរបស់ប្រទេសជប៉ុន។ អ្នកតវ៉ាម្នាក់បាននិយាយថា «ដោយសារតែសុន្ទរកថា និងសកម្មភាពរបស់លោកស្រី Sanae Takaichi បង្កគ្រោះថ្នាក់ខ្លាំង។ ខ្ញុំជឿថា វាមានសារៈសំខាន់ដែលប្រទេសជប៉ុនមិនធ្វើសង្គ្រាម និងពុំមានកម្លាំងយោធា»។

លោក Mizuho Fukushima មេដឹកនាំគណបក្សប្រជាធិបតេយ្យសង្គមបាននិយាយថា «មាត្រាទី៩ នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុន មានសារៈសំខាន់ខ្លាំង។ មិនថាមានអ្វីកើតឡើងទេ យើងត្រូវតែប្រើប្រាស់អំណាចរបស់មនុស្សគ្រប់គ្នាដើម្បីបញ្ឈប់ការប៉ុនប៉ងកែប្រែរដ្ឋធម្មនុញ្ញ» ។
លោក Harada Hiromi អភិបាលក្រុង Kiyose បាននិយាយថា «នយោបាយនេះ មិនដោះស្រាយការលំបាកនៃជីវភាពរស់នៅរបស់ប្រជាជន និងផ្តាច់ចេញពីមតិសាធារណៈទេ។ ម្យ៉ាងវិញទៀត នយោបាយដែលមិនអើពើនឹងរដ្ឋធម្មនុញ្ញ នឹងដើរទៅទិសដៅខុសដោយជៀសមិនរួច» ។