រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយការពារការវាយប្រហារដោយយោធាអ៊ីស្រាអែលទៅលើបរិវេណរោងចក្រគីមីឥន្ធនៈមួយកន្លែងនៅភាគនិរតីប្រទេសអ៊ីរ៉ង់ ដោយនិយាយថាឧស្សាហកម្មមួយនេះកំពុងផ្តល់មូលនិធិដល់កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់ប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយកាលពីថ្ងៃអាទិត្យ លោក Israel Katz បាននិយាយថា ឧស្សាហកម្មគីមីឥន្ធនៈអ៊ីរ៉ង់ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះបានបង្កើតប្រាក់ចំណូលប្រហែល១៨ពាន់លានដុល្លារសម្រាប់កងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) ដែលលោកហៅថាជា «អង្គការភេរវកម្ម»។ លោកក៏បាននិយាយផងដែរថា ដរាបណាអ៊ីរ៉ង់នៅតែបន្តវាយប្រហារលើអ៊ីស្រាអែល ខ្លួននឹង «ឲ្យអ៊ីរ៉ង់ទទួលរងសមទៅនឹងអ្វីដែលបានធ្វើ» រួមទាំងការដួលរលំនៃហេដ្ឋារចនាសម្ព័ន្ធជាតិ។

កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែលបានប្រកាសថា យន្តហោះរបស់ខ្លួនបានវាយប្រហារលើគោលដៅជាង១២០កន្លែងនៅភាគកណ្តាល និងភាគខាងលិចប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ។ គោលដៅទាំងនោះរួមមានទីតាំងផលិតមីស៊ីលបាលីស្ទីក ព្រមទាំងទីតាំងផលិតនិងបាញ់បង្ហោះយានដ្រូន។
អ៊ីរ៉ង់ បានបន្តបាញ់មីស៊ីលទៅលើអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអ៊ីស្រាអែល និយាយថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅភាគខាងជើងទីក្រុង Haifa បានបណ្តាលឱ្យប្រជាជនច្រើននាក់រងរបួស។ ការវាយប្រហារមួយផ្សេងទៀតនៅតំបន់ឧស្សាហកម្មនៅភាគខាងត្បូងទីក្រុង Beersheba ត្រូវបានគេរាយការណ៍ថាបានបំផ្លាញរោងចក្រមួយ។