រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីរុស្ស៊ី លោក Sergei Lavrov ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ទី៥ ខែមេសាថា ប្រទេសចិនមានឆន្ទះបន្តកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កើតកិច្ចប្រឹងបប្រែងដើម្បីធ្វើឲ្យធូរស្រាលស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា។

លោក Wang បាននិយាយថា មធ្យោបាយជាមូលដ្ឋានដើម្បីដោះស្រាយបញ្ហាការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz គឺត្រូវសម្រេចបានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយប្រទេសចិនតែងតែតស៊ូមតិឱ្យមានការដោះស្រាយផ្នែកនយោបាយចំពោះបញ្ហាដ៏ក្តៅគគុក តាមរយៈការសន្ទនា និងការចរចា។

ការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេស បានធ្វើឡើងមុនការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយលើសេចក្តីសម្រេចរបស់ប្រទេសបារ៉ែន ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz។ លោក Wang បានប្រាប់លោក Lavrov ថា ខណៈជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិននិងរុស្ស៊ី នឹង «អនុម័តវិធីសាស្រ្តជាគោលដៅនិងមានតុល្យភាព និងស្វែងរកការយោគយល់និងការគាំទ្រកាន់តែច្រើនពីសហគមន៍អន្តរជាតិ»។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីវិធីដើម្បីទទួលបានបទឈប់បាញ់ឆាប់រហ័ស និង«ចាប់ផ្តើមកិច្ចសន្ទនាផ្នែកនយោបាយ និងការទូត»។ ប្រទេសចិន បានអំពាវនាវដដែលៗឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ឈូងសមុទ្រ និងនៅមជ្ឈិមបូព៌ា ដោយជំរុញឱ្យបញ្ចប់ការប្រយុទ្ធគ្នាដែលបានអូសបន្លាយពេលរយៈពេលជាងមួយខែមកនេះ ហើយបានឈានដល់ការបិទច្រកសមុទ្រ Hormuz ជាសរសៃឈាមដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័ន។