អង្គការសប្បុរសធម៌ជួយសង្គ្រោះបាននិយាយកាលពីថ្ងៃអាទិត្យ ទី៥ ខែមេសាថា នាវាពាណិជ្ជកម្មពីរគ្រឿងនៅជិតឆ្នេរសមុទ្រប្រទេសអ៊ីតាលី បានប្រទះឃើញសាកសពជនអន្តោប្រវេសន៍ពីរនាក់ និងបានជួយសង្គ្រោះអ្នកនៅរស់រានជីវិតចំនួន៣២នាក់ពីទូកមួយគ្រឿង ដែលកំពុងព្យាយាមឆ្លងកាត់ទៅកាន់អឺរ៉ុប ពីប្រទេសលីប៊ី ហើយអ្នកនៅរស់ជីវិតនិយាយថា មនុស្ស៧១នាក់ផ្សេងទៀតបានបាត់ខ្លួននៅលើសមុទ្រ។

ក្រុម Mediterranea Saving Humans និង Sea-Watch បាននិយាយថា ជនរងគ្រោះ ត្រូវបានផ្ទេរទៅកាន់ទូកល្បាតរបស់ឆ្មាំល្បាតឆ្នេរប្រទេសអ៊ីតាលី ហើយត្រូវបាននាំទៅកាន់កោះ Lampedusa របស់អ៊ីតាលី។
អ្នករស់ជីវិតបាននិយាយថា ទូករបស់ពួកគេដំបូងឡើយមានអ្នកដំណើរចំនួន១០៥នាក់ ក្នុងនោះ៧១ នាក់បាត់ខ្លួននៅលើសមុទ្រ នេះបើយោងតាមអង្គការសប្បុរសធម៌ជួយសង្គ្រោះ។ វីដេអូដែលបានចេញផ្សាយពីក្រុម Sea-Watch បានបង្ហាញថា មនុស្សជាង១០នាក់បានតោងទូកដែលក្រឡាប់ នៅពេលដែលវាត្រូវបាននាវាពាណិជ្ជកម្មចូលទៅជិត។

អាកាសធាតុមិនអំណោយផល បានបោកបក់នៅសមុទ្រមេឌីទែរ៉ាណេនៅឆ្នាំនេះ បង្កបញ្ហាធ្ងន់ធ្ងរសម្រាប់អ្នកដែលធ្វើដំណើរតាមសមុទ្រ។ អង្គការទេសន្តប្រវេសន៍អន្តរជាតិ(IOM) បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មនុស្ស៦៨៣នាក់បានស្លាប់នៅសមុទ្រមេឌីទែរ៉ាណេភាគកណ្តាលនៅឆ្នាំនេះ ជាចំនួនអ្នកស្លាប់ខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤មក។