ប្រទេសបង់ក្លាដែស បាននិយាយថា ខ្លួនសង្ស័យថា ជំងឺកញ្ជ្រឹលបានសម្លាប់កុមារយ៉ាងហោចណាស់ ៩៨ នាក់ ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ។ ទិន្នន័យផ្លូវការ បានបង្ហាញកាលពីថ្ងៃអាទិត្យ ដោយទីក្រុងដាក្កាបានបង្កើនកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង នៅក្នុងតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។

កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រី លោក Tarique Rahman បានចាត់តាំងរដ្ឋមន្ត្រីជាន់ខ្ពស់ពីររូបឲ្យធ្វើដំណើរទូទាំងប្រទេសអាស៊ីខាងត្បូង ដែលមានប្រជាជន ១៧០ លាននាក់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីវាយតម្លៃទំហំនៃវិបត្តិ ដើម្បីជួយសម្របសម្រួលការឆ្លើយតប។

ទិន្នន័យរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ បានបង្ហាញថា កុមារដែលមានអាយុចន្លោះពី ៦ ខែដល់ ៥ឆ្នាំ ដែលមានរោគសញ្ញាកញ្ជ្រឹលដែលសង្ស័យថា បានកើនឡើងដល់ ៦.៤៧៦នាក់។
ដោយសំដៅទៅលើចំនួនករណីដែលសង្ស័យ លោកស្រី Halimur Rashid នាយកនៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង បានប្រាប់សារព័ត៌មាន AFP ៖«បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ចំនួនកុមារដែលរងផលប៉ះពាល់ គឺខ្ពស់ជាង ហើយចំនួនអ្នកស្លាប់ ក៏ខ្ពស់ជាងដែរ។
យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) ចំនួនករណីដែលសង្ស័យច្រើនបំផុតដែលបានកត់ត្រា គឺនៅឆ្នាំ ២០០៥ ដែលមានចំនួន ២៥.៩៣៤ នាក់ ទោះបីជាចំនួននោះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ រហូតដល់ឆ្នាំនេះក៏ដោយ៕