កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចេញការព្រមានរបស់ខ្លួនកាលពីថ្ងៃអាទិត្យ (៥ មេសា) ថា ច្រកសមុទ្រហ័រមូស «នឹងមិនវិលត្រឡប់ទៅសភាពដើមវិញជាដាច់ខាត» ដោយព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល អំពីអ្វីដែលខ្លួនពណ៌នាថា ជាសណ្តាប់ធ្នាប់សន្តិសុខថ្មីមួយដែលកំពុងលេចចេញជារូបរាងនៅក្នុងឈូងសមុទ្រពែក្ស។

កងឆ្មាំបដិវត្តន៍អ៊ិស្លាម (IRGC) បាននិយាយក្នុងការបង្ហោះមួយលើវេទិកាសង្គម X ថា យុគសម័យនៃអនុត្តរភាពបរទេសលើផ្លូវទឹកអន្តរជាតិដ៏សំខាន់នេះ គឺបញ្ចប់ជាស្ថាពរហើយ។ កងឆ្មាំបដិវត្តន៍នេះសង្កត់ធ្ងន់ថា៖ «ច្រកសមុទ្រហ័រមូសនឹងមិនវិលត្រឡប់ទៅរកសភាពដើមរបស់ខ្លួនវិញជាដាច់ខាត ជាពិសេសសម្រាប់អាមេរិក និងអ៊ីស្រាអែល»។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កើនសម្ពាធលើអ៊ីរ៉ង់ ដោយគំរាមកំហែងនៅក្នុងសារមួយលើបណ្តាញសង្គមថា អាមេរិកនឹងដាក់គោលដៅលើរោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់ នៅថ្ងៃអង្គារ ទី៧ ខែមេសា ស្អែកនេះ ប្រសិនបើច្រកសមុទ្រយុទ្ធសាស្ត្រហ័រមូស មិនបើកឡើងវិញទេនោះ។
ការរឹតត្បិតរបស់អ៊ីរ៉ង់ លើផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូសដ៏តូចចង្អៀតនៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួន បានធ្វើឱ្យតម្លៃប្រេងឆៅកើនឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកប្រើប្រាស់ និងអាជីវកម្មនានានៅទូទាំងពិភពលោកជួបការលំបាក៕