កងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅលីបង់ (UNIFIL) បានសម្តែងក្ដីបារម្ភកាលពីថ្ងៃអាទិត្យ (៥ មេសា) អំពីការបាញ់ប្រហារជាបន្តបន្ទាប់ដោយកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅជិតទីតាំងឈរជើងរបស់ខ្លួន ដោយព្រមានថា សកម្មភាពបែបនេះធ្វើឱ្យកងរក្សាសន្តិភាពប្រឈមនឹងគ្រោះថ្នាក់។

អ្នកនាំពាក្យ UNIFIL បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យុទ្ធជនក្រុមហេសបូឡា និងទាហានអ៊ីស្រាអែល ក៏បានបើកការវាយប្រហារពីទីតាំងដែលនៅជិតកន្លែងឈរជើងរបស់កងរក្សាសន្តិភាពផងដែរ ដែល «អាចបង្កឱ្យមានការបាញ់តបវិញ» ដោយព្រមានអំពីវត្តមានរបស់យុទ្ធជននៅជិតតំបន់ដែលកងកម្លាំងរក្សាសន្តិភាពស្នាក់នៅ និងធ្វើការ។

អ៊ីស្រាអែល បានវាយប្រហារតាមអាកាស និងថ្មើរជើងនៅភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហេសបូឡាលីបង់ កាលពីថ្ងៃទី២ ខែមីនា មក បើទោះបីជាមានបទឈប់បាញ់ដែលបានចូលជាធរមាននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ។
ក្រុមហេសបូឡាអះអាងថា ការបាញ់រ៉ូកែតជាច្រើនគ្រាប់ចូលទៅអ៊ីស្រាអែល គឺជាការឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើលីបង់ ក៏ដូចជាការសម្លាប់អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃទី២៨ ខែកុម្ភៈ៕