ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ មួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានគំរាមកំហែងវាយប្រហារច្រកព្រំដែនសំខាន់របស់លីបង់ ជាមួយស៊ីរី ដោយបង្ខំឲ្យបិទច្រកនេះ។
អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស នៅទូទាំងលីបង់ និងប្រតិបត្តិការយោធានៅភាគខាងត្បូង ចាប់តាំងពីថ្ងៃទី ០២ ខែមីនា នៅពេលដែលក្រុមប្រដាប់អាវុធហេសបូឡា បានចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ានៅខាងអ៊ីរ៉ង់ដែលជាអ្នកគាំទ្ររបស់ខ្លួន។

មេបញ្ជាការយោធាអ៊ីស្រាអែល លោកឧត្តមសេនីយ៍ទោ Eyal Zamir បានទៅសួរសុខទុក្ខកងទ័ព នៅភាគខាងត្បូងលីបង់ កាលពីថ្ងៃអាទិត្យ ហើយបានប្តេជ្ញាថា នឹងបង្កើនការវាយប្រហារប្រឆាំងនឹងក្រុមហេស បូឡា។
ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ការវាយប្រហារមួយរបស់អ៊ីស្រាអែលនៅទីក្រុងបេរូតកាលពីថ្ងៃអាទិត្យ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៥នាក់ ស្លាប់ និង ៥២នាក់ រងរបួស នៅក្នុងសង្កាត់ Jnah។
ក្រសួងបានបញ្ជាក់ថា ការវាយប្រហារមួយដែលកំណត់គោលដៅអគារផ្ទះល្វែងមួយ នៅក្នុងទីក្រុង Ain Saadeh ភាគខាងកើតនៃទីក្រុងបេរូត បានសម្លាប់មនុស្ស បីនាក់ និង បង្កឲ្យបីនាក់ផ្សេងទៀតរងរបួស ខណៈដែលការវាយប្រហារមួយ នៅក្នុងទីក្រុង Kfar Hatta ភាគខាងត្បូង ដែលនៅឆ្ងាយពីព្រំដែនជាមួយ អ៊ីស្រាអែល បានបណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់ ក្នុងនោះមានក្មេងស្រីអាយុ ៤ឆ្នាំ ម្នាក់៕
