សេចក្ដីរាយការណ៍របស់សារព័ត៌មានជាភាសាហេប្រឺ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ (ទី៥ ខែមេសា ឆ្នាំ២០២៦) បានបង្ហាញថា អ៊ីស្រាអែលបានចំណាយប្រមាណ ១៥ពាន់លានដុល្លារ ចាប់តាំងពីចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ និងក្រុមហេសបូឡារបស់លីបង់ ដោយតួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈដែលការប្រយុទ្ធគ្នានៅតែបន្តមាន ហើយផលប៉ះពាល់ដល់សេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។
សារព័ត៌មានពាណិជ្ជកម្ម Calcalist បានឲ្យដឹងថា ការចំណាយលើសង្គ្រាមដែលកំពុងបន្តមានជាមួយអ៊ីរ៉ង់ និងក្រុមហេបូឡា បានកើនឡើងដល់ប្រហែល ៤៧ពាន់លានសេកែល ឬ ១៥ពាន់លានដុល្លារ។ សារព័ត៌មាននេះបានបញ្ជាក់ថា ក្រសួងការពារជាតិអ៊ីស្រាអែលបានស្នើទឹកប្រាក់ប្រមាណ ៣៩ពាន់លានសេកែល ដែលស្មើនឹង ១២,៤ពាន់លានដុល្លារ ដើម្បីទូទាត់លើការចំណាយយោធា ដោយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងទៀត ប្រសិនបើសង្គ្រាមនៅតែបន្ត ឬជុំនៃការប្រយុទ្ធគ្នាស្រដៀងគ្នានេះកើតឡើងជាថ្មី។

យោងតាមសារព័ត៌មាននេះ បានឲ្យដឹងទៀតថា សង្គ្រាមទាំងនេះបានបង្កើនលទ្ធភាពនៃការដំឡើងរយៈពេលវែងនៃថវិកាសន្តិសុខរបស់អ៊ីស្រាអែល ជាជាងការកាត់បន្ថយដែលត្រូវបានរំពឹងទុកនៅមុននេះ ដែលជាការត្រៀម សម្រាប់ការប្រឈមមុខដាក់គ្នានាពេលអនាគត ជាមួយអ៊ីរ៉ង់ និងក្រុមហេសបូឡា។
នៅផ្នែកស៊ីវិល សារព័ត៌មាននេះបានឲ្យដឹងថា ការទាមទារសំណងប្រហែល ២៦.០០០ករណី ត្រូវបានដាក់ សម្រាប់ការខូចខាតទាក់ទងនឹងមីស៊ីល ដែលត្រូវបានប៉ាន់ប្រមាណថា មានចន្លោះពី ១ពាន់លាន ទៅ ១,៥ពាន់លានសេកែល ឬ ៣២០លានដុល្លារ ទៅ ៤៧៩លានដុល្លារ។
តែយ៉ាងណាក្ដី សារព័ត៌មាននេះ បានសង្កត់ធ្ងន់ថា បន្ទុកចម្បងកើតចេញពីផែនការសំណង សម្រាប់អាជីវកម្ម និងកម្មករ ដែលត្រូវបានប៉ាន់ប្រមាណថា មានចន្លោះពី ៦,៥ពាន់លានទៅ ៧ពាន់លានសេកែល ឬ ២,១ពាន់លានដុល្លារ ទៅ ២,២៣ពាន់លានដុល្លារ។ របាយការណ៍នេះបានបន្ថែមថា ប្រហែលកន្លះពាន់លានសេកែល ឬ ១៦០លានដុល្លារ ក៏នឹងត្រូវការ ដើម្បីដោះស្រាយជាមួយកម្មករដែលត្រូវបានបញ្ឈប់ដោយមិនបានបង់ប្រាក់ផងដែរ៕


