មេដឹកនាំប្រឆាំងនៅកោះតៃវ៉ាន់ លោកស្រី Cheng Li-wun នឹងចេញដំណើរនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ទៅកាន់ប្រទេសចិន ហើយជួបជាមួយប្រធានាធិបតី លោក Xi Jinping ដោយនេះគឺជាអ្វីដែលលោកស្រី និយាយថា ជាបេសកកម្មសន្តិភាព ខណៈដែលទីក្រុងប៉េកាំងប្រឹងប្រែងជំរុញឡើងវិញ ដើម្បីបញ្ចុះបញ្ចូលឲ្យតៃវ៉ាន់គាំទ្រ «ការបង្រួបបង្រួម»។

លោកស្រី Cheng ប្រធានគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងធំបំផុតរបស់កោះតៃវ៉ាន់ កំពុងធ្វើដំណើរ ក្នុងពេលដែលមានសម្ពាធយោធាចិនកើនឡើងលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ខ្លួន និងខណៈដែលសភាគ្រប់គ្រងដោយគណបក្សប្រឆាំង បានពន្យារពេលផែនការរបស់រដ្ឋាភិបាល សម្រាប់ការចំណាយបន្ថែមលើវិស័យការពារជាតិចំនួន ៤០ពាន់លានដុល្លារអាមេរិក។
គណបក្ស KMT និងគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច បានចេញផ្សាយសារប្រឆាំងគ្នា នៅលើបណ្ដាញសង្គម មុនការធ្វើដំណើររបស់លោកស្រី Cheng ដោយប្រើរូបភាពសង្គ្រាម និងសន្តិភាព។
គណបក្ស KMT បានលើកឡើងកាលពីថ្ងៃទី៥ ខែមេសាថា «សន្តិភាពគឺជាមូលដ្ឋានគ្រឹះតែមួយគត់ សម្រាប់វិបុលភាព និងជាក្តីសង្ឃឹមសម្រាប់អនាគតរបស់កោះតៃវ៉ាន់» ដោយបានចេញផ្សាយវីដេអូមួយដែលមានយុវជន កំពុងសម្រាកនៅលើដី ក្នុងអាងហែលទឹក និងញញឹមពេលកំពុងសម្លឹងមើលផ្កាយ។
តែគណបក្ស DPP បានតបតវិញតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Facebook ថា គណបក្ស KMT កំពុងព្យាយាម «សហការជាមួយគម្រោងរបស់បក្សកុម្មុយនីស្តចិន ដើម្បីធ្វើឲ្យសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ចុះខ្សោយ» ដោយចង្អុលបង្ហាញពីការពន្យារពេល ក្នុងការអនុម័តការចំណាយលើវិស័យការពារជាតិ ជាផែនការដែលរដ្ឋាភិបាលអាមេរិកបានគាំទ្រ៕

