ភ្នំពេញ៖ រសៀលថ្ងៃទី១ ខែមេសានេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុសារណៈជាមួយក្រសួងទេសចរណ៍ ដើម្បីផ្តល់ហិរញ្ញប្បទានអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ចំនួន៣ ជំរុញអភិវឌ្ឍន៍ផលិតផលទេសចរណ៍សហគមន៍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ទាំងអស់របស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានជាតិអន្តរជាតិ។
បើតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ក្រសួងទេសចរណ៍ បានថ្លែងថា នៅក្នុងគម្រោងទាំងបីដែលរដ្ឋាភិបាលឥណ្ឌាគាំទ្រជួយអភិវឌ្ឍន៍ទេសចរណ៍កម្ពុជានោះ រួមមាន៖ គម្រោងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយខេត្តកំពង់ធំ នៅបឹងស្នេហ៍ខេត្តព្រៃវែង ហើយក្នុងគម្រោងនឹងរៀបចំធ្វើផ្សារបណ្តែតទឹក រៀបចំបឹងហ្គាណូបណ្តែតទឹកជាដើម ។
ដោយឡែកគម្រោងបង្កើតកម្មវិធីទូរស័ព្ទ app store ផ្សព្វផ្សាយគោលដៅទេសចរណ៍ទាំងអស់ ដើម្បីបង្កលក្ខណៈអោយភ្ញៀវទេសចរជាតិអន្តរជាតិងាយស្រួលដល់ការកក់ និងស្វែងរកគោលដៅទេសចរណ៍កម្ពុជា ដើម្បីទៅលេងកម្សាន្តនៅទូទាំងប្រទេស។
ក្នុងពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងអំណរគុណលោកជំទាវអគ្គរដ្ឋទូត ដែលបានខិតខំសម្របសម្រួល និងគាំទ្រលើសំណើទាំង៣របស់ក្រសួងទេសចរណ៍ ពាក់ព័ន្ធគម្រោងដែលមានឥទ្ធិពលលឿនរហូតទទួលបានការឯកភាពជាគោលការណ៍ពីក្រសួងការបរទេសនៃសារធារណៈរដ្ឋឥណ្ឌា ខណៈឯកឧត្តម រដ្ឋមន្ត្រីបានទន្ទឹងរងចាំចង់អោយគម្រោងទាំងនេះ សម្រេចបានជាស្ថាពរ និងមានការអនុវត្តជាផ្លូវការដើម្បីអភិវឌ្ឍវិស័យទេសចរណ៍បន្តរីកចំរើនបន្ថែមទៀត។
ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបើកដំណើរការឡើងវិញ ការផ្តល់ទិដ្ឋការពេលមកដល់ (Visa on arrival) រួមជាមួយការលុបចោលកត្វកិច្ចនៃការធ្វើតេស្តរហ័ស (Rapid Test) និងការធ្វើតេស្ត PCR សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញ។
ឯកឧត្តម ថោង ខុន បានស្នើលោកជំទាវអគ្គរដ្ឋទូតឥណ្ឌា សូមបន្តជួយគាំទ្រ និងជំរុញលំហូរភ្ញៀវទេសចរជនជាតិឥណ្ឌា មកកាន់កម្ពុជាបន្ថែមទៀត ខណៈដែលកម្ពុជា ពិសេសខេត្តសៀមរាប-អង្គរជាគោលដៅទេសចរណ៍បែបសាសនា និងទេសចរណ៍ Honeymoon ដ៏ពេញនិយមសម្រាប់ជនជាតិឥណ្ឌា។
ឯកឧត្តម ក៏បានស្នើជំទាវអគ្គរដ្ឋទូតផងដែរ លើការជួយជំរុញបើកជើងហោះត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ដោយអាចចាប់ផ្តើមពី Charter Flight ជាមុនសិន។
ក្នុងពិធីនេះដែរ លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានសន្យា នឹងបន្តផ្តល់ជំនួយហិរញ្ញប្បទានអនុវត្តលើគម្រោងផ្សេងៗទៀត ដែលស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយលោកជំទាវទូតនឹងជម្រុញអោយក្រុមហ៊ុនអាកាសចរណ៍នៅឥណ្ឌាតភ្ជាប់ជើងហើរមកកម្ពុជា ។
លោកជំទាវ ថ្លែងថា នៅខណៈពេលនេះជាពេលវេលាល្អបំផុត ដែលទេសចរឥណ្ឌាគួរមកទស្សនាកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបន្ធូរបន្ថយលក្ខខ័ណ្ឌមកទស្សនាកម្ពុជា៕អត្ថបទ៖ ស៊ុម សុខជា