សមាជិកសភាកូរ៉េខាងត្បូងនិយាយថា ទីក្រុងសេអ៊ូល នឹងបញ្ជូននាវាដោតទង់ជាតិកូរ៉េខាងត្បូង ៥គ្រឿង ទៅកាន់កំពង់ផែ Yanbu ស្ថិតក្នុងសមុទ្រក្រហមរបស់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីជួយបង្កើតផ្លូវផ្គត់ផ្គង់ប្រេង ជាការចៀសវាងការអាក់ខាននៅច្រកសមុទ្រ Hormuz ។
តម្លៃប្រេងបានហក់ឡើងខ្ពស់ ស្របពេលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បង្កហានិភ័យចំពោះកំណើនសេដ្ឋកិច្ច និងអតិផរណាសម្រាប់កូរ៉េខាងត្បូង ដែលពឹងផ្អែកប្រេងឆៅតំបន់មជ្ឈិមបូព៌ា ប្រហែល ៧០ភាគរយនៃការនាំចូលរបស់ខ្លួន ។
អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ស្ទើតែទាំងស្រុង ដែលជាផ្លូវឆ្លងកាត់ដ៏ចំាបាច់មួយសម្រាប់ថាមពល ធ្វើឲ្យតម្លៃប្រេង និងឧស្ម័នហក់ឡើងខ្ពស់ និងរុញច្រានឲ្យប្រទេសជាច្រើននៅជុំវិញពិភពលោកដាក់ចេញវិធានការ ដើម្បីទប់ស្កាត់ផលវិបាក ។
ស្ថានភាពបែបនេះ បានជំរុញឲ្យទីក្រុងសេអ៊ូល ត្រៀមវិធានការបន្ទាន់ រួមទាំងការកំណត់តម្លៃប្រេងឥន្ធនៈ ដែលជាវិធានការលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៩៧ ។
លោក Ahn Do-geol គឺជាសមាជិកសភាកូរ៉េខាងត្បូងមួយរូបនិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា នាវាដោតទង់ជាតិកូរ៉េខាងត្បូងត្រូវការបញ្ជូនតាមផ្លូវជម្រើសផ្សេង ដើម្បីទទួលបានការផ្គង់ផ្គង់ប្រេងឆៅដោយប្រើប្រាស់ផ្លូវនាំចេញដែលរំលងច្រកសមុទ្រ Hormuz ៕

