ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា សហរដ្ឋអាមេរិកព្យាយាមបំពាក់អាវុធក្រុមបាតុករអ៊ីរ៉ង់ តាមរយៈអន្តរការីឃឺដ រយៈពេលប៉ុន្មានសប្តាហ៍ មុនពេលសង្រ្គាមបច្ចុប្បន្នផ្ទុះឡើង បើទោះបីជាទីក្រុងវ៉ាស៊ីនតោនបានចូលរួមកិច្ចប្រជុំជាមួយទីក្រុងតេអេរ៉ង់ក៏ដោយ ។

កាសែត Fox News រាយការណ៍សម្តីលោក Trumpកាលពីថ្ងៃអាទិត្យថា ពួកយើងបានបញ្ជូនកាំភ្លើងឲ្យក្រុមបាតុករ ឲ្យពួកគេច្រើននាក់ណាស់ ហើយលោកមានជំនឿថា ក្រុមឃឺដ បានរក្សាកាំភ្លើងសម្រាប់ខ្លួនឯង ។
សេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ស្របពេលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ រយៈពេលប៉ុន្មានសប្តាហ៍ក្រោយបាតុកម្មផ្ទុះឡើង ជុំវិញបញ្ហាចំណាយច្រើន ។
សារព័ត៌មានជាច្រើន រួមទាំងទូរទស្សន៍ Channel 12របស់អ៊ីស្រាអែល បានរាយការណ៍អំឡុងបាតុកម្មកាលពីខែមករាថា ក្រុមបាតុករ ត្រូវបានគេបំពាក់អាវុធឲ្យដោយជនបរទេស ។
កាសែត Fox News រាយការណ៍ទៀតថា លោក Trump បានអះអាងផងដែរថា អំឡុងបាតុកម្មនោះ អ៊ីរ៉ង់ បានសម្លាប់ជនស៊ីវិលប្រហែល ៤៥.០០០នាក់ ។ អំណះអំណាងរបស់លោក ពុំអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេ ៕
