យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា ការវាយឆ្មក់តាមច្រកអាកាសរបស់អ៊ីស្រាអែលលើលីបង់ បានសម្លាប់មនុស្សជាង ១.៤៥០នាក់ រួមទាំងកុមារ ១២៦នាក់ផងដែរ ហើយមនុស្ស ១,២លាននាក់ ត្រូវបានបានជម្លៀសខ្លួនទាំងបង្ខំ ចាប់តាំងពីថ្ងៃទី ២ ខែមីនារហូតមក ។ ការទម្លាក់គ្រាប់បែករបស់ពួកគេ បណ្តាលឲ្យមនុស្សជាង ៤.៤០០នាក់ រងរបួសផងដែរ ។
ក្រសួងសុខាភិបាលលីបង់ រាយការណ៍កាលពីថ្ងៃអាទិត្យថា នៅទីក្រុងភាគខាងត្បូង Kfar Hatta របស់លីបង់ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៧នាក់ រួមទាំងក្មេងស្រីអាយុ ៤ឆ្នាំម្នាក់ និងទាហានលីបង់ម្នាក់ផងដែរ ។

យោធាអ៊ីស្រាអែល បានបញ្ជាឲ្យមានការជម្លៀសខ្លួនទាំងបង្ខំនៅទីក្រុងមួយនេះ កាលពីល្ងាចមុន គឺជាតំបន់មួយដែលពលរដ្ឋលីបង់ជម្លៀសខ្លួនយ៉ាងច្រើន ស្វែងរកការជ្រកកោនរបស់ពួកគេ ។
ស្របពេលដែលការវាយប្រហារកាន់តែជ្រៅទៅក្នុងតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យភូមិជាច្រើនរងការបំផ្លិចបំផ្លាញនោះ ប្រធានាធិបតីលីបង់លោក Joseph Aoun បានអំពាវនាវកាន់តែខ្លាំងឲ្យមានការចរចាបញ្ចប់ជម្លោះមួយ ៕
