នៅលើភ្នំលីបង់ នៅមិនឆ្ងាយប៉ុន្មានពីទីក្រុងបេរូត សាលារៀនបានប្រែក្លាយជាទីជម្រកសម្រាប់គ្រួសារជម្លៀសខ្លួនពីតំបន់ភាគខាងត្បូងលីបង់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ។
ធ្លាប់មានសិស្សរៀន បរិវេនសាលារៀនមួយនេះ បច្ចុប្បន្នក្លាយជាកន្លែងចែកចាយជំនួយ ។ ក្តាររអិល និងទោងលែងមានសិស្សជិះលេងទៀតហើយ ។ សម្លៀកបំពាក់ហាលលើបង្អួចសាលារៀន ហើយថ្នាក់រៀនបានប្រែក្លាយជាបន្ទប់ស្នាក់នៅសម្រាប់ពលរដ្ឋជម្លៀសខ្លួនលីបង់ ។

លោក Aymane Malli ដែលកំពុងបីកូនប្រុសអាយុ ៥ឆ្នាំ Jad របស់លោកនិយាយថា ជីវិតពិតជាពិបាកខ្លាំងណាស់ ប៉ុន្តែសម្រាប់រូបលោក វាមិនថ្វីនោះទេ ពីព្រោះថា លោកត្រូវតែរស់ លោកត្រូវតែមើលថែគ្រួសាររបស់លោក ។
បុរសវ័យ ៤៩ឆ្នាំម្នាក់នេះ ស្ថិតក្នុងចំណោមមនុស្ស ១០០នាក់ដែលបានជ្រកកោននៅក្នុងសាលារៀន ស្ថិតក្នុងស្រុក Qabr Chamoun ។
លោក Malli បានរត់ភៀសខ្លួនជាមួយភរិយារបស់លោក និងកូន ៥នាក់របស់លោកពីទីក្រុង Habbouch ស្ថិតនៅជិតទីក្រុងតំបន់ឆ្នេរ Tyre ក្រោយអ៊ីស្រាអែលចាប់ផ្តើមទម្លាក់គ្រាប់បែកលើលីបង់កាលពីថ្ងៃទី ២ ខែមីនា ពោលគឺរយៈពេល ២ថ្ងៃប៉ុណ្ណោះ ក្រោយពួកគេវាយប្រហាររួមគ្នាជាមួយសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ៕
