ស៊ែប៊ីនិយាយកាលពីថ្ងៃអាទិត្យថា គ្រឿងផ្ទុះដែលមានកម្លាំងបំផ្លិចបំផ្លាញខ្លាំង ត្រូវបានរកឃើញនៅជិតបំពង់បង្ហូរឧស្ម័ន TurkStream ។
បំពង់បង្ហូរឧស្ម័នដ៏សំខាន់មួយនេះ បង្ហូរឧស្ម័នធម្មជាតិរុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងប្រទេសឯនាយផ្សេងទៀត ។
ប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic និយាយថា មាននូវកញ្ចប់គ្រឿងផ្ទុះធំៗចំនួន ២ ជាមួយនឹងហ្វុយស៊ីប ។

លោកបន្តថា ការស៊ើបអង្កេតកំពុងបន្ត ហើយហុងគ្រី និងតំបន់ភាគខាងជើងស៊ែប៊ី នឹងគ្មានឧស្ម័នប្រើប្រាស់នោះទេ បើសិនជាបំពង់បង្ហូរឧស្ម័ននេះ ត្រូវបានអាក់ខាននៅទីនោះ ។
ដោយឡែក នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Facebookថា លោកបានកោះប្រជុំក្រុមប្រឹក្សាការពារជាតិពិសេស កាលថ្ងៃអាទិត្យ ។
ឧបទ្ទេវហេតុនេះ បានកើតមានឡើង រយៈពេល ១សប្តាហ៍ប៉ុណ្ណោះ មុនការបោះឆ្នោតដ៏សំខាន់នៅថ្ងៃទី ១២ ខែមេសា នៅប្រទេសហុងគ្រី ។
អ្នកជាតិនិយម Orban នឹងត្រូវប្រជែង ដើម្បីរក្សាការកាន់អំណាចរយៈពេលជាង ១៦ឆ្នាំរបស់លោក ក្នុងនោះគណបក្សបក្សរបស់លោកតាមពីក្រោយគណបក្សប្រឆាំង Tisza នៅក្នុងការស្ទង់មតិ ។
កាលពីខែកុម្ភៈ លោក Orban បានបង្កើនសន្តិសុខជុំវិញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសរបស់លោក ។
គណបក្ស Fidesz របស់លោក Orban ព្យាយាមភ្ជាប់ទំនាក់ទំនងមេដឹកនាំក្រុមប្រឆាំងលោក Peter Magyar ជាមួយទីក្រុងព្រុចសែល និងអ៊ុយក្រែន ដោយរូបលោកលើកឡើងថា ការបោះឆ្នោតឲ្យគណបក្ស Tisza ប្រៀបបាននឹងបោះឆ្នោតឲ្យរថក្រោះ និងសង្រ្គាមអញ្ចឹងដែរ ៕
