តម្លៃប្រេងបានធ្លាក់ចុះបន្តិច នៅថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) នេះ ក្នុងអំឡុងពេលមានការជួញដូរនៅថ្ងៃឈប់សម្រាកបុណ្យ Easter ដ៏ស្ងប់ស្ងាត់ ខណៈដែលវិនិយោគិនទទួលបានអារម្មណ៍ជឿជាក់តិចតួចពីដំណឹង ដែលថា នាវាដឹកប្រេងមួយចំនួនកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz។
លោក Ole R. Hvalbye អ្នកវិភាគរបស់ក្រុមហ៊ុន SEB បានប្រាប់សារព័ត៌មាន AFP ថា៖ «ប្រេងក្នុងបរិមាណមានកម្រិត ពិតជាកំពុងត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះ ពោលគឺរហូតមកដល់ពេលនេះ មិនទាន់មានការធ្វើឲ្យចរាចរណ៍នាវាពាណិជ្ជកម្មជាធម្មតានៅឡើយទេ ប៉ុន្តែវាពិតជាជំហានមួយ ក្នុងការឆ្ពោះទៅទិសដៅត្រឹមត្រូវ»។
នៅម៉ោងប្រហែល ១០:៥០ ម៉ោងសកល ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ០,៨ភាគរយដោយមកនៅត្រឹម ១០៨,២០ដុល្លារ ក្នុងមួយបារ៉ែល។ ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១,៤ភាគរយ ដោយមកនៅត្រឹម ១១០,០១ដុល្លារ ក្នុងមួយបារ៉ែល។ ការធ្លាក់ចុះទាំងនោះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសទួរគី បាននិយាយថា នាវាទី៣ ដែលជាកម្មសិទ្ធិរបស់ទួរគី បានឆ្លងកាត់ច្រកសមុទ្រដែលហែកហួរដោយសង្គ្រាមនេះ។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសកលដ៏សំខាន់មួយ ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានធ្វើឲ្យតម្លៃប្រេង និងឧស្ម័នសកល ហក់ឡើងពីប្រហែល ៦០ដុល្លារ ក្នុងមួយបារ៉ែល មុនសង្គ្រាម៕