ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) នេះ បានព្រមានថា ការវាយប្រហារនៅជិតរោងចក្រថាមពលបរមាណូ Bushehr របស់អ៊ីរ៉ង់ «បង្កគ្រោះថ្នាក់យ៉ាងពិតប្រាកដដល់សុវត្ថិភាពនុយក្លេអ៊ែរ ហើយត្រូវតែបញ្ឈប់»។
រោងចក្រនេះ ដែលមានទីតាំងនៅភាគខាងត្បូងប្រទេស និងបំពាក់ដោយរ៉េអាក់ទ័រកម្លាំង ១.០០០មេហ្គាវ៉ាត់ ត្រូវបានគេកំណត់គោលដៅចំនួន ៤ដងហើយ ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានចាប់ផ្តើម។ ការវាយប្រហារចុងក្រោយនេះត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា កើតឡើងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។
នាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានលើកឡើងនៅលើបណ្ដាញសង្គម X ថា ការវាយប្រហារនៅជិតរោងចក្រកំពុងដំណើរការនេះ «អាចបង្កឲ្យមានគ្រោះថ្នាក់វិទ្យុសកម្មធ្ងន់ធ្ងរ ដោយមានផលវិបាកដ៏គ្រោះថ្នាក់ដល់មនុស្ស និងបរិស្ថាន ទាំងនៅក្នុងប្រទេសអ៊ីរ៉ង់ និងកន្លែងផ្សេងទៀត»។
IAEA បានវិភាគរូបភាពផ្កាយរណបអំពីទីតាំងនោះ ដោយបញ្ជាក់ពីផលប៉ះពាល់នៃការវាយប្រហារចុងក្រោយ ដែលមិនបានធ្វើឲ្យខូចខាតដល់រោងចក្រថាមពលនោះទេ។
លោក Grossi បានបន្ថែមថា ការវាយប្រហារមួយ បាននៅចម្ងាយត្រឹមតែ ៧៥ម៉ែត្រ ពីបរិវេណរោងចក្រនោះ។ លោកបានសង្កត់ធ្ងន់ថា «រោងចក្រនុយក្លេអ៊ែរ និងតំបន់ជុំវិញ មិនគួរត្រូវបានវាយប្រហារឡើយ»៕