នៅថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) នេះ ក្រសួងការពារជាតិអ៊ីស្រាអែល បានប្រាប់ឲ្យដឹងថា ខ្លួនមានគម្រោងពន្លឿនការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow ខណៈដែលខ្លួនកំពុងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់។
ការប្រកាសនេះបានកើតឡើង បន្ទាប់ពីសំណួរជាច្រើន បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ អំពីរយៈពេលដែលស្តុកប្រព័ន្ធស្ទាក់ចាប់របស់អ៊ីស្រាអែល នឹងមាន ដោយអ្នកវិភាគមួយចំនួន បានចង្អុលបង្ហាញពីកង្វះខាតប្រព័ន្ធស្ទាក់ចាប់ Arrow ជាពិសេស។
អ៊ីស្រាអែលមានប្រព័ន្ធការពារដែនអាកាសច្រើនស្រទាប់ ដោយប្រព័ន្ធជាច្រើនប្រភេទស្ទាក់ចាប់ការគំរាមកំហែង នៅរយៈកម្ពស់ផ្សេងៗគ្នា។ កម្រិតខ្ពស់បំផុតមានប្រព័ន្ធមីស៊ីលប្រឆាំងបាលីស្ទិក Arrow ដោយ Arrow 2 ដំណើរការទាំងនៅក្នុងបរិយាកាសផែនដី និងក្នុងលំហ ហើយ Arrow 3 ស្ទាក់ចាប់ពីលើបរិយាកាសផែនដី។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានឲ្យដឹងថា៖ «គណៈកម្មាធិការរដ្ឋមន្ត្រី សម្រាប់លទ្ធកម្ម បានអនុម័តផែនការរបស់ក្រសួងការពារជាតិអ៊ីស្រាអែល (IMOD) ដើម្បីបង្កើនល្បឿនបន្ថែមដ៏សំខាន់នៃការផលិតប្រព័ន្ធស្ទាក់ចាប់ Arrow»។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា ផែនការនេះនឹងអាចឲ្យមាន «ការកើនឡើងគួរឲ្យកត់សម្គាល់ទាំងអត្រាផលិតកម្ម និងស្តុកប្រព័ន្ធស្ទាក់ចាប់ Arrow ដែលជាផ្នែកមួយនៃការរៀបចំ សម្រាប់យុទ្ធនាការដែលកំពុងវិវត្ត»។ ប្រព័ន្ធស្ទាក់ចាប់ Arrow 2 មួយគ្រឿងៗ មានតម្លៃប្រហែល ១,៥លានដុល្លារ ខណៈដែល Arrow 3 គឺប្រហែល ២លានដុល្លារ៕