ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជួបតែសេចក្តីសុខសេចក្តីចម្រើន ដើម្បីបន្តបំពេញតួនាទីភារកិច្ច ទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត។
ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្តពុទ្ធ ជ័យមង្គល និងរាប់បាត្រ ព្រះសង្ឃចំនួន ១២០ អង្គ អមដោយការសម្តែងរបាំត្រុដិ ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃ កម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាមន្ត្រី-បុគ្គលិកទាំងអស់ នៅធនាគារជាតិ នៃកម្ពុជា អគារសែនសុខ។
ពិធីនេះបានរៀបចំធ្វើឡើងតាមបែបប្រពៃណីសាសនា ដោយបាននិមន្ត្រព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំ និងបួង សួងដល់ទេវតាឆ្នាំថ្មី ព្រះនាមរាក្យសាទេវី សូមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា និងសាធារណជនទូទៅទាំងអស់។
ទាក់ទងការរៀបចំពិធីនេះដែរ គឺជាការបង្ហាញឲ្យឃើញនូវការគោរពប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាព សុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របតាមការរីកចម្រើននៃប្រទេសជាតិ ក្រោមម្លប់នៃសុខសន្ដិភាព ដោយរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម ដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូល។ ពិធីសូត្រមន្តសុំសេចក្តីសុខ សេចក្តីចម្រើន នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះដែរ ក៏ជាការជួបជុំគ្នាក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារមន្ត្រី រាជការធនាគារជាតិនៃកម្ពុជា ដែលបានបំពេញភារកិច្ចការងាររបស់ខ្លួនរយៈពេលពេញមួយឆ្នាំកន្លងមក៕
អត្ថបទ៖ សុន រ៉ាឌី











